គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 7:17-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. កាល​ទ្រង់​បាន​ថយ​ពី​ហ្វូង​មនុស្ស យាង​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់​ពី​ពាក្យ​ប្រៀប​ប្រដូច​នោះ

18. ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ដែរ​ឬ​អី តើ​អ្នក​រាល់​គ្នា​នឹក​មិន​ឃើញ​ទេ​ឬ​អី​ថា របស់​អ្វី​ពី​ខាង​ក្រៅ​ដែល​ចូល​ក្នុង​មនុស្ស នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​បាន​ទេ

19. ដ្បិត​របស់​នោះ​មិន​បាន​ចូល​ទៅ​ក្នុង​ចិត្ត គឺ​ចូល​ទៅ​តែ​ក្នុង​ពោះ​ប៉ុណ្ណោះ រួច​ចេញ​ទៅ​ក្នុង​បង្គន់ ដូច្នេះ អស់​ទាំង​អាហារ​ឈ្មោះ​ថា ជា​របស់​ស្អាត​វិញ

20. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា គឺ​ជា​សេចក្តី​ដែល​ចេញ​ពី​មនុស្ស​មក​ទេ​តើ ដែល​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​នោះ

21. ដ្បិត​នៅ​ពី​ខាង​ក្នុង ពី​ក្នុង​ចិត្ត​របស់​មនុស្ស មាន​ចេញ​អស់​ទាំង​គំនិត​អាក្រក់​យ៉ាង​នេះ គឺ​សេចក្តី​កំផិត សហាយ‌ស្មន់ កាប់​សំឡាប់​គេ

22. លួច​ប្លន់ លោភោ ខិល‌ខូច ឧបាយ‌កល អាស‌អាភាស ភ្នែក​អាក្រក់ ជេរ​ប្រមាថ ឆ្មើង‌ឆ្មៃ និង​សេចក្តី​ចំកួត

23. គឺ​សេចក្តី​អាក្រក់​ទាំង​នេះ​ហើយ ដែល​ចេញ​ពី​ខាង​ក្នុង​មក ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្មោក‌គ្រោក​វិញ។

24. ទ្រង់​ក្រោក​ឡើង​យាង​ចេញ​ពី​ទី​នោះ ទៅ​ឯ​ប្រទល់​ដែន​ស្រុក​ទីរ៉ុស និង​ស្រុក​ស៊ីដូន រួច​ចូល​ទៅ​ក្នុង​ផ្ទះ​១ មិន​ចង់​ឲ្យ​អ្នក​ណា​ដឹង​សោះ តែ​ទ្រង់​នៅ​កំបាំង​ពុំ​បាន

25. ដ្បិត​មាន​ស្ត្រី​ម្នាក់​មាន​កូន​ស្រី​១ ដែល​អារក្ស‌អសោច​ចូល នាង​បាន​ឮ​និយាយ​ពី​ទ្រង់ ក៏​មក​ទំលាក់​ខ្លួន​ក្រាប​នៅ​ទៀប​ព្រះ‌បាទ​ទ្រង់

26. (រីឯ​ស្ត្រី​នោះ ជា​សាសន៍​ក្រេក កូន​កាត់​ស៊ីរ៉ូ-ភេនីស) នាង​ក៏​ទូល​អង្វរ​ឲ្យ​ទ្រង់​ដេញ​អារក្ស​ពី​កូន​ស្រី​នាង​ចេញ

27. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា ទុក​ឲ្យ​កូន​ក្មេង​ស៊ី​ឆ្អែត​ជា​មុន​សិន ព្រោះ​មិន​គួរ​នឹង​យក​នំបុ័ង​របស់​កូន​ក្មេង​បោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​ទេ

28. នាង​ទូល​ឆ្លើយ​ថា មែន​ហើយ ព្រះ‌អម្ចាស់ ប៉ុន្តែ ឆ្កែ​នៅ​ក្រោម​តុ​វា​ស៊ី​កំទេច​ពី​កូន​ក្មេង​ដែរ

29. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពាក្យ​នោះ ចូរ​នាង​ទៅ​ចុះ អារក្ស​បាន​ចេញ​ពី​កូន​នាង​ហើយ

សូមអានជំពូកពេញលេញ ម៉ាកុស 7