1. គ្រានោះពួកផារីស៊ី និងអ្នកខ្លះក្នុងពួកអាចារ្យ ដែលមកពីក្រុងយេរូសាឡិម គេប្រជុំគ្នាឯទ្រង់
2. កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស
3. ដ្បិតពួកផារីស៊ី និងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ
4. ហើយកាលគេមកពីផ្សារ នោះគេមិនបរិភោគទេ ទាល់តែបានងូតទឹករួចសិន ក៏មានសេចក្តីឯទៀតជាច្រើន ដែលគេទទួលកាន់តាមដែរ ដូចជាការលាងពែង លាងឆ្នាំង លាងប្រដាប់លង្ហិន ហើយនឹងតុជាដើម
5. ដូច្នេះ ពួកផារីស៊ី និងពួកអាចារ្យគេពិចារណាសួរទ្រង់ថា ហេតុអ្វីបានជាពួកសិស្សរបស់លោក មិនកាន់តាមសណ្តាប់បុរាណរបស់ពួកចាស់ទុំយ៉ាងនេះ គឺគេបរិភោគឥតលាងដៃទេ
6. តែទ្រង់ឆ្លើយតបថា ពួកអ្នកមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចជាមានសេចក្តីចែងទុកមកថា «ជនជាតិនេះ គេគោរពប្រតិបត្តិអញតែបបូរមាត់ទេ ឯចិត្តគេនៅឆ្ងាយពីអញណាស់
7. ដែលគេថ្វាយបង្គំអញ ដោយបង្រៀនសេចក្តីបញ្ញត្តជារបស់មនុស្ស នោះជាឥតប្រយោជន៍ទេ»
8. ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត
9. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្តាប់របស់ខ្លួនវិញ
10. ដ្បិតលោកម៉ូសេបានផ្តាំថា «ចូរគោរពប្រតិបត្តិឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន»
11. តែអ្នករាល់គ្នាថា បើមនុស្សណានិយាយទៅឪពុកម្តាយខ្លួនថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះជា «គ័របាន់» គឺស្រាយថាជាដង្វាយថ្វាយព្រះហើយ