គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:40-56 ព្រះគម្ពីរបរិសុទ្ធ (KHOV)

40. គេ​ក៏​អង្គុយ​ដោយ​ជួរ ក្នុង​១​ជួរ​៥០​នាក់ ទាំង​អស់​មាន​១០០​ជួរ

41. រួច​ទ្រង់​យក​នំបុ័ង​៥ និង​ត្រី​២​នោះ ងើប​ទត​ទៅ​លើ​មេឃ ប្រទាន​ពរ ហើយ​កាច់​នំបុ័ង​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​គេ ក៏​បែង​ភាគ​ត្រី​២​នោះ ចែក​ទៅ​មនុស្ស​ទាំង​អស់​ដែរ

42. គេ​បាន​បរិភោគ​ឆ្អែត​គ្រប់​គ្នា

43. រួច​ប្រមូល​ចំណិត​នំបុ័ង និង​ត្រី​ទាំង​ប៉ុន្មាន ដែល​សល់​នៅ បាន​១២​កន្ត្រក

44. ឯ​ពួក​អ្នក​ដែល​បាន​បរិភោគ នោះ​មាន​ប្រុសៗ​៥​ពាន់​នាក់។

45. ស្រាប់​តែ​ទ្រង់​បង្ខំ​ពួក​សិស្ស ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ឯ​បេត‌សៃដា នៅ​ត្រើយ​ម្ខាង​ជា​មុន ដរាប​ដល់​ទ្រង់​ឲ្យ​ហ្វូង​មនុស្ស​ទៅ​វិញ​អស់

46. កាល​ទ្រង់​បាន​ឲ្យ​គេ​ទៅ​អស់​ហើយ នោះ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ ដើម្បី​នឹង​អធិស្ឋាន

47. លុះ​ពេល​ព្រលប់ នោះ​ទូក​នៅ​កណ្តាល​សមុទ្រ តែ​ទ្រង់​គង់​នៅ​លើ​គោក​តែ​១​ព្រះ‌អង្គ​ទ្រង់

48. ទ្រង់​ក៏​ឃើញ​ពួក​សិស្ស​ចែវ​ទូក​ទាំង​លំបាក ព្រោះ​ច្រាស​ខ្យល់ លុះ​ពេល​ប្រហែល​ជា​យាម​៤​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​គេ ហើយ​ធ្វើ​ហាក់​ដូច​ជា​ចង់​យាង​បង្ហួស​ទៅ​ទៀត

49. លុះ​កាល​គេ​បាន​ឃើញ​ទ្រង់​យាង​លើ​ទឹក​សមុទ្រ​ដូច្នេះ នោះ​គេ​នឹក​ស្មាន​ថា​ជា​ខ្មោច​លង ហើយ​ក៏​ស្រែក​ឡើង

50. ដ្បិត​គ្រប់​គ្នា​បាន​ឃើញ​ទ្រង់ ហើយ​ក៏​ភ័យ​ស្លុត តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ជា​១​រំពេច​ថា ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ភ័យ​អី

51. នោះ​ទ្រង់​យាង​ឡើង​ទៅ​ឯ​គេ​នៅ​ក្នុង​ទូក រួច​ខ្យល់​ក៏​ស្ងប់​ឈឹង អ្នក​ទាំង​នោះ​មាន​សេចក្តី​អស្ចារ្យ​ជា​ខ្លាំង​ពន់‌ពេក ព្រម​ទាំង​វិល‌វល់​ក្នុង​ចិត្ត

52. គេ​មិន​បាន​យល់​ដោយ‌សារ​ការ​ដែល​បាន​ចំរើន​នំបុ័ង​ទេ ដ្បិត​គេ​មាន​ចិត្ត​រឹង‌រូស។

53. លុះ​បាន​ឆ្លង​ទៅ​ដល់​ស្រុក​គេនេ‌សារ៉ែត ត្រើយ​ខាង​នាយ​ហើយ នោះ​ក៏​ឈប់​ចត​ទូក

54. កាល​បាន​ឡើង​ពី​ទូក នោះ​មនុស្ស​ទាំង‌ឡាយ​បាន​ស្គាល់​ទ្រង់​ជា​១​រំពេច

55. ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ

56. ហើយ​កន្លែង​ណា​ក៏​ដោយ ដែល​ទ្រង់​យាង​ចូល ទោះ​ក្នុង​ភូមិ ក្នុង​ទី​ក្រុង ឬ​ស្រុក​ស្រែ​ក្តី គេ​ក៏​បាន​ដាក់​មនុស្ស​ជំងឺ​ទាំង​ប៉ុន្មាន​នៅ​ទី​ផ្សារ រួច​ទូល​អង្វរ​ទ្រង់​ឲ្យ​គេ​បាន​គ្រាន់​តែ​ពាល់​ជាយ​ព្រះ‌ពស្ត្រ​របស់​ទ្រង់​តែ​ប៉ុណ្ណោះ ហើយ​អស់​អ្នក​ណា​ដែល​បាន​ពាល់​ទ្រង់ នោះ​ក៏​បាន​ជាទាំង​អស់​គ្នា។

សូមអានជំពូកពេញលេញ ម៉ាកុស 6