គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 6:3-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តើ​គាត់​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នៃ​នាង​ម៉ារា ហើយ​ជា​បង​យ៉ាកុប យ៉ូសែប យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី ហើយ​ប្អូន​ស្រី​គាត់ តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទៅ​ទី​នេះ​ទេ​ឬ​អី អ្នក​ទាំង​នោះ​ក៏​អាក់‌អន់​ចិត្ត​នឹង​ទ្រង់

4. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក​ខ្លួន ឬ​ក្នុង​ពួក​ញាតិ‌សន្តាន ហើយ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ចេញ

5. នៅ​ទី​នោះ ទ្រង់​ពុំ​អាច​នឹង​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ទេ ទ្រង់​គ្រាន់​តែ​ដាក់​ព្រះ‌ហស្ត ប្រោស​មនុស្ស​ពិការ​ខ្លះ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ

6. ទ្រង់​ក៏​អស្ចារ្យ​ពី​ដំណើរ​ដែល​គេ​មិន​ជឿ រួច​ទ្រង់​យាង​ទៅ​បង្រៀន​ក្នុង​អស់​ទាំង​ភូមិ​នៅ​ជុំ‌វិញ​ទៅ។

7. ទ្រង់​ហៅ​ពួក​១២​នាក់​មក ចាប់​តាំង​ចាត់​ឲ្យ​គេ​ទៅ​២​នាក់ៗ ទ្រង់​ប្រទាន​ឲ្យ​មាន​អំណាច​លើ​អស់​ទាំង​អារក្ស‌អសោច​ផង

8. ក៏​ហាម​មិន​ឲ្យ​យក​អ្វី​សំរាប់​តាម​ផ្លូវ​សោះ លើក​តែ​ដំបង​១​ប៉ុណ្ណោះ ឥត​យក​យាម នំបុ័ង ឬ​ប្រាក់​ដាក់​ក្នុង​ខ្សែ​ក្រវាត់​ទេ

9. ពាក់​បាន​តែ​ស្បែក​ជើង​សង្រែក ឥត​ពាក់​អាវ​២​ឡើយ

10. រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា ចូរ​ឲ្យ​នៅ​ផ្ទះ​នោះ​ទាល់​តែ​ដើរ​ចេញ​ហួស​ទៅ

11. ឯ​អស់​អ្នក​ណា​ដែល​មិន​ទទួល ឬ​ស្តាប់​អ្នក​រាល់​គ្នា នោះ​កាល​ណា​ដើរ​ចេញ​ពី​ទី​នោះ ត្រូវ​រលាស់​ធូលី​ពី​បាត​ជើង​អ្នក​ចេញ ទុក​ជា​ទី​បន្ទាល់​ទាស់​នឹង​គេ​វិញ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​ជំនុំ​ជំរះ នោះ​ក្រុង​សូដុំម ហើយ​ក្រុង​កូម៉ូរ៉ា នឹង​ទ្រាំ​បាន​ងាយ​ជា​ជាង​ក្រុង​នោះ

12. កាល​ពួក​សិស្ស​បាន​ចេញ​ទៅ នោះ​គេ​ប្រកាស​ប្រាប់​ឲ្យ​មនុស្ស​ប្រែ​ចិត្ត​ឡើង

13. ក៏​បណ្តេញ​អារក្ស​ជា​ច្រើន ហើយ​លាប​ប្រេង​ឲ្យ​មនុស្ស​ជំងឺ​ជា​ច្រើន​បាន​ជា​ដែរ។

សូមអានជំពូកពេញលេញ ម៉ាកុស 6