គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 3:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទ្រង់​ក៏​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​ម្តង​ទៀត នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​ស្វិត​ដៃ​ម្ខាង

2. គេ​ក៏​ចាំ​មើល​ទ្រង់​ក្រែង​នឹង​ប្រោស​ឲ្យ​គាត់​ជា​នៅ​ថ្ងៃ​ឈប់​សំរាក ដើម្បី​ឲ្យ​បាន​រឿង​ចោទ​ប្រកាន់​ទ្រង់

3. ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​មនុស្ស​ស្វិត​ដៃ​ថា ចូរ​អ្នក​ក្រោក​ឡើង ឈរ​នៅ​កណ្តាល​នុ៎ះ​ទៅ

4. រួច​ទ្រង់​សួរ​គេ​ថា នៅ​ថ្ងៃ​ឈប់​សំរាក តើ​បើក​ឲ្យ​ធ្វើ​ការ​ល្អ ឬ​ឲ្យ​ធ្វើ​ការ​អាក្រក់ ឲ្យ​សង្គ្រោះ​ជីវិត ឬ​ឲ្យ​សំឡាប់​បង់ ប៉ុន្តែ គេ​នៅ​តែ​ស្ងៀម

5. នោះ​ទ្រង់​ងាក​ទត​ទៅ​គេ​ទាំង​គ្នាន់‌ក្នាញ់​ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ព្រោះ​ចិត្ត​គេ​រឹង‌រូស ក៏​មាន​ព្រះ‌បន្ទូល​ទៅ​មនុស្ស​នោះ​ថា ចូរ​អ្នក​លាត​ដៃ​ទៅ អ្នក​នោះ​ក៏​លាត ហើយ​ដៃ​គាត់​បាន​ជា​ដូច​ម្ខាង

6. រួច​កាល​ពួក​ផារី‌ស៊ី​បាន​ចេញ​ផុត​ទៅ នោះ​ស្រាប់​តែ​គេ​ពិគ្រោះ​នឹង​ពួក​ហេរ៉ូឌ​ទាស់​នឹង​ទ្រង់ ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ទ្រង់​វិនាស។

7. នោះ​ព្រះ‌យេស៊ូវ ទ្រង់​ថយ​ទៅ​ឯ​សមុទ្រ ជា​មួយ​នឹង​ពួក​សិស្ស ហើយ​មាន​ហ្វូង​មនុស្ស​កក‌កុញ ដើរ​តាម​ទ្រង់ ជា​មនុស្ស​ពី​ស្រុក​កាលី‌ឡេ និង​ស្រុក​យូដា

8. ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​អេដំម ហើយ​ពី​ខាង​នាយ​ទន្លេ​យ័រដាន់ និង​ស្រុក​នៅ​ជុំ‌វិញ​ក្រុង​ទីរ៉ុស និង​ស៊ីដូន គឺ​ជា​ហ្វូង​មនុស្ស​យ៉ាង​ធំ ដែល​មូល​មក​ឯ​ទ្រង់ ដោយ​បាន​ឮ​និយាយ​ពី​ការ​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន

9. ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ពួក​សិស្ស ឲ្យ​មាន​ទូក​នៅ​រង់‌ចាំ ក្រែង​ហ្វូង​មនុស្ស​ប្រជ្រៀត​ទ្រង់

10. ដ្បិត​ទ្រង់​កំពុង​ប្រោស​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ជា ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ទាំង​អស់​ដែល​មាន​ជំងឺ​អ្វីៗ គេ​ប្រឹង​រុល​ចូល​ទៅ ដើម្បី​នឹង​ពាល់​ទ្រង់

11. កាល​ណា​ពួក​អារក្ស‌អសោច​ឃើញ​ទ្រង់ វា​ក៏​ក្រាប​ចំពោះ​ទ្រង់ ទាំង​ស្រែក​ថា ទ្រង់​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន

12. ប៉ុន្តែ ទ្រង់​ហាម​ផ្តាច់ មិន​ឲ្យ​វា​ធ្វើ​ឲ្យ​គេ​ស្គាល់​ទ្រង់​ឡើយ។

13. ទ្រង់​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​មាន​ព្រះ‌បន្ទូល​ហៅ​អស់​អ្នក ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​ហៅ ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​ឯ​ទ្រង់

14. រួច​ទ្រង់​ដំរូវ​១២​នាក់​ឲ្យ​បាន​នៅ​ជា​មួយ​នឹង​ទ្រង់ ដើម្បី​ទ្រង់​បាន​ចាត់​គេ ឲ្យ​ចេញ​ទៅ​ប្រកាស​ប្រដៅ

15. និង​ឲ្យ​គេ​មាន​អំណាច​អាច​នឹង​ប្រោស​ជំងឺ​ឲ្យ​ជា ព្រម​ទាំង​ដេញ​អារក្ស​ផង

សូមអានជំពូកពេញលេញ ម៉ាកុស 3