គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 15:2-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. លោក​ពីឡាត់​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

3. ឯ​ពួក​សង្គ្រាជ គេ​ចោទ​ប្រកាន់​ទ្រង់​ខ្លាំង​ណាស់

4. នោះ​លោក​ពីឡាត់​ក៏​ពិចារណា​សួរ​ទ្រង់​ម្តង​ទៀត ដោយ​ពាក្យ​ថា តើ​អ្នក​មិន​ព្រម​ឆ្លើយ​សោះ​ទេ​ឬ​អី មើល​រឿង​ជា​ច្រើន​ទាំង​ម៉្លេះ ដែល​គេ​ធ្វើ​បន្ទាល់​ទាស់​នឹង​អ្នក

5. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ឥត​មាន​ឆ្លើយ​អ្វី​ទៀត​សោះ បាន​ជា​លោក​ពីឡាត់​ក៏​អស្ចារ្យ​ក្នុង​ចិត្ត។

6. រីឯ​នៅ​បុណ្យ​នោះ លោក​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់​ឲ្យ​ដល់​គេ តាម​ដែល​គេ​សូម

7. គ្រា​នោះ មាន​ម្នាក់​ឈ្មោះ​បារ៉ា‌បាស ជាប់​គុក​ជា​មួយ​នឹង​ពួក​អ្នក​បះ‌បោរ ជា​អ្នក​ដែល​បាន​សំឡាប់​គេ​ក្នុង​វេលា​បះ​នោះ

8. ហ្វូង​មនុស្ស​ក៏​ចាប់​តាំង​ស្រែក​ឡើង សូម​លោក​បើក​ឲ្យ​ដល់​គេ ដូច​ជា​លោក​តែង​ធ្លាប់​ធ្វើ​មក

9. លោក​ពីឡាត់​សួរ​គេ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​លែង​ស្តេច​សាសន៍​យូដា ឲ្យ​ដល់​អ្នក​រាល់​គ្នា​ឬ​អី

10. នេះ​ដ្បិត​លោក​ជ្រាប​ថា ពួក​សង្គ្រាជ​បាន​បញ្ជូន​ទ្រង់ ដោយ​ឈ្នានីស​ទេ

11. តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ

12. លោក​ពីឡាត់​ក៏​សួរ​គេ​ម្តង​ទៀត​ថា ដូច្នេះ តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​នឹង​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្តេច​សាសន៍​យូដា​នេះ

13. គេ​ស្រែក​ឡើង​ទៀត​ថា ចូរ​ឆ្កាង​វា​ទៅ

14. លោក​ពីឡាត់​សួរ​គេ​ថា ដូច្នេះ តើ​គាត់​បាន​ធ្វើ​ខុស​អ្វី នោះ​គេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា ចូរ​ឆ្កាង​វា​ទៅ

15. ឯ​ពីឡាត់ លោក​ចង់​ធ្វើ​បំពេញ​ដល់​ចិត្ត​ហ្វូង​មនុស្ស​ដែរ បាន​ជា​លែង​បារ៉ា‌បាស​ដល់​គេ រួច​កាល​បាន​វាយ​ព្រះ‌យេស៊ូវ​ដោយ​រំពាត់​ហើយ នោះ​ក៏​បញ្ជូន​ទៅ​ឲ្យ​គេ​ឆ្កាង។

16. ចំណែក​ពួក​ទាហាន ក៏​នាំ​ទ្រង់​ទៅ​ឯ​ទីធ្លា ជា​ទី​កាត់​ក្តី រួច​គេ​ហៅ​ពួក​កង​ទាហាន​ទាំង​អស់ ឲ្យ​មូល​គ្នា​មក

17. ក៏​យក​អាវ​ពណ៌​ស្វាយ​បំពាក់​ទ្រង់ ហើយ​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះ‌សិរ

18. រួច​ចាប់​តាំង​សំពះ​ទូល​ទ្រង់​ថា ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា

សូមអានជំពូកពេញលេញ ម៉ាកុស 15