គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:4-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. គេ​ទូល​ថា លោក​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​សំបុត្រ​លះ‌លែង ហើយ​ឲ្យ​លែង​ទៅ

5. ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​លោក​បាន​តែង​ច្បាប់​នោះ​ឲ្យ​អ្នក​រាល់​គ្នា គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង‌រូស​ប៉ុណ្ណោះ

6. ប៉ុន្តែ តាំង​ពី​ដើម​កំណើត​មនុស្ស​មក នោះ​ព្រះ​ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី

7. ដោយ​ហេតុ​នោះ​បាន​ជា​មនុស្ស​ប្រុស​តែង​នឹង​លា​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ​វិញ

8. ហើយ​អ្នក​ទាំង​២​នោះ​នឹង​ត្រឡប់​ជា​សាច់​តែ​១ គេ​មិន​មែន​ជា​២​ទៀត គឺ​ជា​សាច់​តែ​១​សុទ្ធ

9. ដូច្នេះ កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​មនុស្ស ដែល​ព្រះ​បាន​ផ្សំ‌ផ្គុំ​គ្នា​ឡើយ

10. កាល​កំពុង​នៅ​ក្នុង​ផ្ទះ នោះ​ពួក​សិស្ស​ទូល​សួរ​ទ្រង់ ពី​សេចក្តី​ដដែល​ម្តង​ទៀត

11. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​ណា​ដែល​នឹង​លែង​ប្រពន្ធ ទៅ​យក​១​ទៀត នោះ​ឈ្មោះ​ថា​ផិត​ប្រពន្ធ​ហើយ

12. បើ​ស្ត្រី​ណា​លែង​ប្ដី​ទៅ​យក​១​ទៀត នោះ​ក៏​ឈ្មោះ​ថា​បាន​ផិត​ប្ដី​ដែរ។

13. រួច​មាន​គេ​នាំ​ក្មេង​តូចៗ មក​ថ្វាយ​ទ្រង់​ពាល់ ប៉ុន្តែ ពួក​សិស្ស​បន្ទោស​ដល់​ពួក​អ្នក​ដែល​នាំ​វា​មក

14. កាល​ព្រះ‌យេស៊ូវ​បាន​ឃើញ នោះ​ទ្រង់​គ្នាន់​ក្នុង​ព្រះ‌ហឫ‌ទ័យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ

15. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១​នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ

16. ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ‌ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង។

17. កាល​ទ្រង់​យាង​ចេញ​ទៅ​តាម​ផ្លូវ នោះ​មាន​ម្នាក់​រត់​មក លុត​ជង្គង់​ក្រាប​ចុះ​នៅ​ចំពោះ​ទ្រង់​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប‌ជានិច្ច

18. ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ល្អ​ដូច្នេះ គ្មាន​អ្នក​ណា​ល្អ​សោះ មាន​តែ​១ គឺ​ជា​ព្រះ​ប៉ុណ្ណោះ

19. អ្នក​បាន​ស្គាល់​បញ្ញត្ត​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​គេ​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ឪពុក​ម្តាយ​ឯង»

20. តែ​គាត់​ទូល​ឆ្លើយ​ថា លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ

21. ព្រះ‌យេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ ហើយ​មាន​ព្រះ‌បន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​១​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យ‌សម្បត្តិ​នៅ​លើ​ស្ថាន‌សួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ

សូមអានជំពូកពេញលេញ ម៉ាកុស 10