គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:35-46 ព្រះគម្ពីរបរិសុទ្ធ (KHOV)

35. ខណៈ​នោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំ​ផង

36. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក

37. គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី‌ល្អ​របស់​លោក

38. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា អ្នក​មិន​យល់​សេចក្តី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ

39. គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន

40. តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា​ដែល​ទី​នោះ​បាន​រៀប‌ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ

41. កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្តី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​នឹង​យ៉ូហាន

42. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ

43. ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

44. ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ

45. ដ្បិត​កូន​មនុស្ស​ក៏​បាន​មក មិន​មែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បី​នឹង​បំរើ​គេ​វិញ ហើយ​នឹង​ឲ្យ​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង។

46. ខណៈ​នោះ ក៏​មក​ដល់​ក្រុង​យេរីខូរ ហើយ​កំពុង​ដែល​ទ្រង់​យាង​ចេញ​ពី​នោះ​ទៅ ព្រម​ទាំង​ពួក​សិស្ស និង​ហ្វូង​មនុស្ស​ជា​ធំ​ផង នោះ​មាន​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ជា​កូន​ទីមេ កំពុង​អង្គុយ​សូម​ទាន​នៅ​មាត់​ផ្លូវ

សូមអានជំពូកពេញលេញ ម៉ាកុស 10