គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាកុស 10:32-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

32. កំពុង​ដែល​ដើរ​តាម​ផ្លូវ ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​ព្រះ‌យេស៊ូវ​យាង​មុខ​គេ ហើយ​ពួក​សិស្ស​មាន​ចិត្ត​វិល‌វល់ ក៏​ដើរ​តាម​ទ្រង់​ទៅ​ទាំង​ភ័យ‌ភិត ទ្រង់​ក៏​យក​ពួក​១២​មក​ម្តង​ទៀត ចាប់​តាំង​មាន​ព្រះ‌បន្ទូល​ប្រាប់​អំពី​ការ​ដែល​ត្រូវ​កើត​មក​ដល់​ទ្រង់​ថា

33. មើល​យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ឯ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​លោក​ដល់​ជីវិត ហើយ​បញ្ជូន​ទៅ​ដល់​ពួក​សាសន៍​ដទៃ

34. ពួក​នោះ​នឹង​ចំអក​មើល‌ងាយ វាយ​នឹង​រំពាត់ ស្តោះ​ដាក់ ហើយ​សំឡាប់​លោក រួច​៣​ថ្ងៃ​ក្រោយ​ដែល​ស្លាប់​ទៅ នោះ​លោក​នឹង​រស់​ឡើង​វិញ។

35. ខណៈ​នោះ យ៉ាកុប និង​យ៉ូហាន​ជា​កូន​សេបេដេ ក៏​មក​ទូល​ទ្រង់​ថា លោក​គ្រូ សូម​លោក​សំរេច​ឲ្យ​យើង​ខ្ញុំ តាម​សេចក្តី​សំណូម​របស់​យើង​ខ្ញុំ​ផង

36. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ចង់​ឲ្យ​ខ្ញុំ​សំរេច​អ្វី​ឲ្យ​អ្នក

37. គេ​ក៏​ទូល​ឆ្លើយ​ថា សូម​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​នៅ ម្នាក់​ខាង​ស្តាំ ហើយ​ម្នាក់​ខាង​ឆ្វេង​លោក ក្នុង​ស្ថាន​នៃ​សិរី‌ល្អ​របស់​លោក

38. តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា អ្នក​មិន​យល់​សេចក្តី​ដែល​អ្នក​សូម​នោះ​ទេ តើ​អ្នក​អាច​នឹង​ផឹក​អំពី​ពែងដែល​ខ្ញុំ​ផឹក ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​បាន​ឬ​ទេ

39. គេ​ទូល​ឆ្លើយ​ថា ទទួល​បាន នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​អំពី​ពែង​ខ្ញុំ ហើយ​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន

40. តែ​ដែល​អង្គុយ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា​ដែល​ទី​នោះ​បាន​រៀប‌ចំ​ទុក​ឲ្យ​ប៉ុណ្ណោះ

41. កាល​១០​នាក់​ឯ​ទៀត​បាន​ឮ​សេចក្តី​នោះ នោះ​គេ​ក៏​នឹក​តូច​ចិត្ត​នឹង​យ៉ាកុប ហើយ​នឹង​យ៉ូហាន

42. តែ​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​អ្នក​ទាំង​នោះ​មក មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​ដែល​បាន​រាប់​ជា​ចៅ‌ហ្វាយ​នៃ​សាសន៍​ដទៃ គេ​គ្រប់​គ្រង​លើ​សាសន៍​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​ក៏​មាន​អំណាច​លើ​គេ​ដែរ

43. ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​ធ្វើ​ធំ នោះ​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ

44. ឯ​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចង់​បាន​ជា​លេខ​១ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​បាវ​ដល់​អ្នក​ទាំង​អស់​វិញ

សូមអានជំពូកពេញលេញ ម៉ាកុស 10