គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​សរសេរ​សេចក្តី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ

2. ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង‌ក្លាយ​ផង

3. ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត

4. ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត

5. ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី

6. ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ

7. ប៉ុន្តែ សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ

8. ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ‌គ្រីស្ទ​វិញ

9. ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​សេចក្តី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្តី​ជំនឿវិញ

10. ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​នឹង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង

11. នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ។

សូមអានជំពូកពេញលេញ ភីលីព 3