ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ភីលីព 3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

របៀប​រស់​នៅ​ស្រប​តាម​ព្រះ

1. មួយ​សោត​ទៀត បង​ប្អូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ចុះ ឯ​ការ​សរសេរ​សេចក្តី​ដដែលៗ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ធុញ‌ទ្រាន់​ដល់​ខ្ញុំ​ទេ តែ​ជា​ការ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែរ

2. ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ព្រម​ទាំង​ពួក​កាត់​ស្បែក​ក្លែង‌ក្លាយ​ផង

3. ដ្បិត​យើង​រាល់​គ្នា​ដែល​បំរើ​ព្រះ​ដោយ​វិញ្ញាណ ហើយ​អួត​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ឥត​ទុក​ចិត្ត​នឹង​សាច់​ឈាម​ឡើយ នោះ​យើង​ជា​ពួក​កាត់​ស្បែក​ដ៏​ពិត

4. ប៉ុន្តែ ខ្ញុំ​មាន​កន្លែង​ទុក​ចិត្ត​ខាង​សាច់​ឈាម​ខ្លះ​បាន​ដែរ បើ​មាន​អ្នក​ណា​ទៀត​ស្មាន​ថា ខ្លួន​ទុក​ចិត្ត​ខាង​សាច់​ឈាម​បាន នោះ​ខ្ញុំ​ក៏​លើស​ទៅ​ទៀត

5. ដ្បិត​ខ្ញុំ​បាន​ទទួល​កាត់​ស្បែក​នៅ​ថ្ងៃ​ទី​៨ ខ្ញុំ​ជា​សាសន៍​អ៊ីស្រា‌អែល ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ជា​អ្នក​ហេ‌ព្រើរ កើត​ពី​ពួក​ហេ‌ព្រើរ ឯ​ខាង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​ជា​ពួក​ផារិ‌ស៊ី

6. ខាង​ឯ​សេចក្តី​ឧស្សាហ៍ នោះ​ខ្ញុំ​ជា​អ្នក​ដែល​បាន​ធ្វើ​ទុក្ខ​បៀត​បៀន​ដល់​ពួក​ជំនុំ ចំណែក​ខាង​សេចក្តី​សុចរិត​ក្នុង​ក្រឹត្យ‌វិន័យ នោះ​ខ្ញុំ​គ្មាន​ទោស​សោះ

7. ប៉ុន្តែ សេចក្តី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​ខ្ញុំ​ពី​មុន នោះ​ខ្ញុំ​បាន​រាប់​ជា​ខាត​វិញ ដោយ​ព្រោះ​ព្រះ‌គ្រីស្ទ

8. ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំង​អស់​ទុក​ដូច​ជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​រាប់​ទាំង​អស់​ទុក​ដូច​ជា​សំរាម ប្រយោជន៍​ឲ្យ​បាន​ព្រះ‌គ្រីស្ទ​វិញ

9. ហើយ​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ទ្រង់ ដោយ​សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ មិន​មែន​ដោយ​សេចក្តី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សេចក្តី​ជំនឿវិញ

10. ដើម្បី​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះ‌ចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​នឹង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង

11. នោះ​គឺ​បើ​សិន​ជា​មាន​ផ្លូវ​ណា ឲ្យ​ខ្ញុំ​បាន​មក​ដល់​សេចក្តី​រស់​ពី​ស្លាប់​ឡើង​វិញ។

ការ​សង្វាត​ឲ្យ​បាន​គ្រប់​លក្ខណៈ

12. មិន​មែន​ថា ខ្ញុំ​បាន​ទទួល ឬ​ថា ខ្ញុំ​បាន​គ្រប់​លក្ខណ៍​ហើយ​នោះ​ទេ តែ​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះ‌គ្រីស្ទ​យេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។

13. បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត

14. ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការ‌ងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

15. ដូច្នេះ យើង​ទាំង​អស់​គ្នា​ដែល​គ្រប់​លក្ខណ៍​ហើយ យើង​ត្រូវ​មាន​គំនិត​យ៉ាង​នោះ​ឯង តែ​បើ​អ្នក​រាល់​គ្នា​មាន​គំនិត​ណា​ផ្សេង​ក្នុង​ការ​អ្វី នោះ​ព្រះ​ទ្រង់​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​បាន​ឃើញ​សេចក្តី​នេះ​ដែរ

16. ប៉ុន្តែ​ទោះ​បើ​បាន​ដល់​ទី​ណា​ក៏​ដោយ គង់​តែ​ត្រូវ​ឲ្យ​យើង​កាន់​តាម​ច្បាប់​នោះ​ឯង។

17. បង​ប្អូន​អើយ ចូរ​ត្រាប់​តាម​ខ្ញុំ​គ្រប់​គ្នា ហើយ​ពិចារណា​មើល​ឲ្យ​ស្គាល់​ពួក​អ្នក ដែល​ដើរ​ដូច​ជា​យើង​ខ្ញុំ​បាន​ធ្វើ​ក្បួន​ឲ្យ​អ្នក​រាល់​គ្នា​ហើយ

18. ដ្បិត​មាន​មនុស្ស​ជា​ច្រើន ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ជា​ញយៗ ហើយ​ឥឡូវ​នេះ ក៏​ប្រាប់​ទាំង​ស្រក់​ទឹក​ភ្នែក​ទៀត ថា គេ​ជា​ខ្មាំង​សត្រូវ​នឹង​ឈើ​ឆ្កាង​ព្រះ‌គ្រីស្ទ​ទេ

19. ចុង​បំផុត​របស់​គេ​ជា​សេចក្តី​ហិន‌វិនាស គេ​យក​ពោះ​គេ​ទុក​ជា​ព្រះ ហើយ​យក​សេចក្តី​គួរ​ខ្មាស​របស់​គេ ទុក​ជា​សិរី‌ល្អវិញ គេ​នឹង​តែ​ពី​របស់​នៅ​ផែនដី​នេះ

20. ឯ​យើង​រាល់​គ្នា យើង​ជា​សាសន៍​ស្ថាន‌សួគ៌​វិញ ក៏​នៅ​ចាំ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង

21. ដែល​ទ្រង់​នឹង​បំផ្លាស់​បំប្រែ​រូប​កាយ​ទាប​ថោក​របស់​យើង ឲ្យ​ត្រឡប់​ដូច​ជា​រូប​ឧត្តម​របស់​ទ្រង់ តាម​ដែល​ព្រះ‌ចេស្តា​ទ្រង់​ពូកែ​នឹង​បញ្ចុះ‌បញ្ចូល​គ្រប់​ទាំង​អស់ នៅ​ក្រោម​អំណាច​ទ្រង់​ផង។