គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 27:18-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទំលាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង

19. ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត

20. រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។

21. កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ

22. តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ

23. ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា

24. ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ

25. ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន

26. ប៉ុន្តែ យើង​ត្រូវ​ធ្លាក់​ទៅ​លើ​កោះ​ណា​មួយ។

27. ដល់​គំរប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ

28. លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម

29. នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង

30. ពួក​សំពៅ​ក៏​សំរូត​ទូក​ទំលាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទំលាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ

សូមអានជំពូកពេញលេញ កិច្ចការ 27