ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ប៉ុល​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រុង​រ៉ូម

1. កាល​បាន​សំរេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កង‌ទ័ព​អូគូស្ទ

2. យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរី‌ស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូ‌នីច ទៅ​ជា​មួយ​ផង

3. ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ និង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ

4. យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់

5. ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ ក្បែរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា

6. នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ

7. កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន

8. បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

9. លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តមបាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា

10. អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង

11. ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ

12. ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយព្យ។

ខ្យល់​ព្យុះ

13. ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត

14. តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ា‌គ្លីដូន មក​ប៉ះ​នឹង​សំពៅ

15. ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ

16. បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូកចង​ដោយ​ពិបាក​ណាស់

17. កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់

18. ដល់​ថ្ងៃ​ស្អែក​ឡើង យើង​ទំលាក់​ទំនិញ​ចោល​ចេញ ព្រោះ​ខ្យល់​ព្យុះ​សង្ឃរា​បោក​ប៉ះ​យើង​ជា​ខ្លាំង

19. ហើយ​ដល់​ថ្ងៃ​ទី​៣ ក៏​ចោល​គ្រឿង​ប្រដាប់​សំពៅ ដោយ​ដៃ​ខ្លួន​យើង​ទៀត

20. រួច​ដោយ​ព្រោះ​មិន​ឃើញ​ថ្ងៃ ឬ​ផ្កាយ​ជា​យូរ​ថ្ងៃ ហើយ​ព្យុះ​សង្ឃរា​មិន​ចេះ​អន់​ស្រាក​សោះ បាន​ជា​យើង​លែង​សង្ឃឹម​នឹង​រួច​ជីវិត​បាន។

21. កាល​គេ​បាន​តម​អាហារ​ជា​យូរ​ថ្ងៃ នោះ​ប៉ុល​ឈរ​ឡើង​នៅ​កណ្តាល​គេ​និយាយ​ថា អ្នក​រាល់​គ្នា​អើយ គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយ​មិន​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ

22. តែ​ឥឡូវ​នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​សង្ឃឹម​ឡើង ដ្បិត​គ្មាន​ពួក​អ្នក​រាល់​គ្នា​ណា​១​នឹង​បាត់​ជីវិត​ទេ ខូច​ខាត​តែ​សំពៅ​ប៉ុណ្ណោះ

23. ព្រោះ​យប់​មិញ មាន​ទេវតា​នៃ​ព្រះ ដែល​ខ្ញុំ​ជា​អ្នក​បំរើ​របស់​ទ្រង់ បាន​មក​ឈរ​ជិត​ខ្ញុំ​ប្រាប់​ថា

24. ប៉ុល​អើយ កុំ​ខ្លាច​អ្វី​ឡើយ ត្រូវ​ឲ្យ​អ្នក​ឈរ​នៅ​មុខ​សេ‌សារ ហើយ​មើល ព្រះ​ទ្រង់​បាន​អនុញ្ញាត​ឲ្យ​អស់​អ្នក ដែល​ដើរ​ដំណើរ​ជា​មួយ​នឹង​អ្នក​ដែរ

25. ដូច្នេះ អ្នក​រាល់​គ្នា​អើយ ចូរ​សង្ឃឹម​ឡើង ព្រោះ​ខ្ញុំ​ជឿ​ព្រះ​ថា ការ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ នឹង​កើត​មក​ដូច្នោះ​មែន

26. ប៉ុន្តែ យើង​ត្រូវ​ធ្លាក់​ទៅ​លើ​កោះ​ណា​មួយ។

27. ដល់​គំរប់​១៤​យប់ កំពុង​ដែល​យើង​រសាត់​ទៅ​មក ក្នុង​សមុទ្រ​អាឌ្រា នោះ​ប្រហែល​ជា​កណ្តាល​អធ្រាត្រ​ពួក​សំពៅ​ស្មាន​ថា យើង​ជិត​ដល់​ទី​គោក​ណា​មួយ​ហើយ

28. លុះ​បាន​បោះ​សំណ​ស្ទង់​ទឹក​ចុះ​ទៅ ក៏​ឃើញ​មាន​ជំរៅ​២០​ព្យាម រួច​ទៅ​បន្តិច​ទៀត​ក៏​ស្ទង់​មើល ឃើញ​មាន​តែ​១៥​ព្យាម

29. នោះ​គេ​ទំលាក់​យុថ្កា​៤​ពី​ខាង​កន្សៃ ក្រែង​សំពៅ​ទង្គិច​ប៉ះ​នឹង​ថ្ម រួច​គេ​ទន្ទឹង​ចាំ​ភ្លឺ​ឡើង

30. ពួក​សំពៅ​ក៏​សំរូត​ទូក​ទំលាក់​ទឹក ធ្វើ​ដូច​ជា​ចង់​ទំលាក់​យុថ្កា​ពី​ខាង​ក្បាល​ដែរ តែ​គេ​ចង់​រត់​ចោល​សំពៅ​ទេ

31. នោះ​ប៉ុល​និយាយ​ទៅ​មេ​ទ័ព និង​ទាហាន​ថា បើ​ពួក​នោះ​មិន​នៅ​ក្នុង​សំពៅ នោះ​អ្នក​រាល់​គ្នា​មិន​បាន​រួច​ទេ

32. ពួក​ទាហាន​ក៏​កាត់​ខ្សែ​ឲ្យ​ទូក​ធ្លាក់​ទៅ

33. លុះ​ដល់​ថ្ងៃ​ជិត​រះ ប៉ុល​ក៏​ទូន្មាន​ឲ្យ​គេ​បរិភោគ​ទាំង​អស់​គ្នា ដោយ​ពាក្យ​ថា នេះ​គំរប់​១៤​ថ្ងៃ​ហើយ ដែល​អ្នក​រាល់​គ្នា​នៅ​ចាំ​យាម ទាំង​តម​អាហារ

34. ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​ពិសា​ទៅ ដ្បិត​នេះ​មាន​ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច​ជីវិត ព្រោះ​សក់​១​សរសៃ​នៅ​ក្បាល​អ្នក​រាល់​គ្នា​ក៏​មិន​ត្រូវ​បាត់​ផង

35. កាល​និយាយ​ដូច្នេះ​ហើយ គាត់​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ​ដល់​ព្រះ នៅ​មុខ​គេ​ទាំង​អស់​គ្នា រួច​កាច់​បរិភោគ​ទៅ

36. គេ​មាន​សង្ឃឹម​ឡើង ហើយ​ក៏​បរិភោគ​ទាំង​អស់​គ្នា​ដែរ

37. រីឯ​យើង​ទាំង​អស់​ដែល​នៅ​ក្នុង​សំពៅ នោះ​មាន​២៧៦​នាក់

38. កាល​បរិភោគ​ឆ្អែត​ហើយ ក៏​សំរាល​សំពៅ​ចេញ ដោយ​ទំលាក់​ស្រូវ​ចុះ​ទៅ​ក្នុង​សមុទ្រ។

39. លុះ​ភ្លឺ​ច្បាស់​ហើយ នោះ​គេ​មិន​បាន​ស្គាល់​ស្រុក​នោះ​ទេ តែ​គេ​ឃើញ​ញោច​១​មាន​ជំរាល រួច​គេ​គិត​ដំរង់​សំពៅ​ឲ្យ​ទៅ​កឿង​នៅ​ទី​នោះ បើ​សិន​ជា​បាន

40. គេ​ក៏​កាត់​ពួរ​យុថ្កា​ចោល​នៅ​សមុទ្រ រួច​ស្រាយ​ចង្កូត ហើយ​លើក​ក្តោង​ខាង​មុខ​ឲ្យ​ត្រូវ​ខ្យល់ ដំរង់​សំពៅ​ទៅ​ឯ​ទី​ជំរាល​នោះ

41. សំពៅ​ក៏​ចូល​ទៅ​កឿង​នៅ​កន្លែង​ដែល​ទឹក​ហូរ​ប្រសព្វ​គ្នា ហើយ​ក្បាល​ជ្រមុជ​ជាប់​នៅ​នឹង​ថ្កល់ តែ​កន្សៃ​ត្រូវ​បាក់​បែក​ទៅ​ដោយ​អំណាច​រលក

42. ឯ​ពួក​ទាហាន គេ​ចង់​សំឡាប់​អ្នក​ទោស​ទាំង​ប៉ុន្មាន​ចោល​ចេញ ដោយ​ខ្លាច​ក្រែង​ហែល​រត់​រួច​ខ្លះ

43. តែ​មេ​ទ័ព​ចង់​ជួយ​ប៉ុល​ឲ្យ​រួច បាន​ជា​ឃាត់​គេ មិន​ឲ្យ​ធ្វើ​តាម​គំនិត​នោះ​ឡើយ ក៏​បង្គាប់​អ្នក​ណា​ដែល​ចេះ​ហែល ឲ្យ​លោត​ហែល​ទៅ​ដល់​គោក​ជា​មុន

44. ហើយ​ឲ្យ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន តោង​បន្ទះ​ក្តារ ឬ​បំណែក​សំពៅ​បណ្តែត​ទៅ ដូច្នេះ អ្នក​ទាំង​អស់​គ្នា​ក៏​បាន​ដល់​គោក​ដោយ​សុខ​សាន្ត​ត្រាណ។