គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 27:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​បាន​សំរេច​ឲ្យ​យើង​ខ្ញុំ​ចុះ​សំពៅ​ចេញ​ទៅ​ឯ​ស្រុក​អ៊ីតាលី នោះ​គេ​ក៏​ប្រគល់​ប៉ុល និង​អ្នក​ទោស​ខ្លះ​ទៀត ដល់​មេ​ទ័ព​រង​ម្នាក់ ឈ្មោះ​យូលាស ក្នុង​កង‌ទ័ព​អូគូស្ទ

2. យើង​ចុះ​សំពៅ​១​ពី​ស្រុក​អាត្រាមីត ដែល​រៀប​នឹង​បើក​ទៅ​ឆ្នេរ​សមុទ្រ​ស្រុក​អាស៊ី ហើយ​ក៏​បើក​ទៅ​មាន​ទាំង​អើរី‌ស្តាក ជា​សាសន៍​ម៉ាសេដូន ដែល​នៅ​ក្រុង​ថែស្សា‌ឡូ‌នីច ទៅ​ជា​មួយ​ផង

3. ដល់​ថ្ងៃ​ស្អែក យើង​បាន​ចូល​ទៅ​ចត​នៅ​ក្រុង​ស៊ីដូន នោះ​យូលាស​បាន​ប្រព្រឹត្ត​នឹង​ប៉ុល​ដោយ​សប្បុរស បាន​បើក​ឲ្យ​គាត់​ទៅ​សួរ​ពួក​សំឡាញ់ និង​ទទួល​របស់​អ្វី​ដែល​គេ​ជូន​ដល់​គាត់​ដែរ

4. យើង​បើក​ពី​ទី​នោះ សសៀរ​តាម​កោះ​គីប្រុស​ទៅ ដោយ​ព្រោះ​ច្រាស​ខ្យល់

5. ក្រោយ​ដែល​បាន​ឆ្លង​កាត់​សមុទ្រ ក្បែរ​ស្រុក​គីលីគា និង​ស្រុក​ប៉ាម‌ភីលា​ផុត​ហើយ ក៏​មក​ដល់​មីរ៉ា នៅ​ក្នុង​ស្រុក​លូគា

6. នៅ​ទី​នោះ មេ​ទ័ព​រក​បាន​សំពៅ​១ មក​ពី​ក្រុង​អ័លេ‌ក្សានទ្រា ដែល​ទៅ​ស្រុក​អ៊ីតាលី ក៏​ឲ្យ​យើង​ជិះ​ទៅ

7. កាល​បើក​បន្តិចៗ​ទៅ​ជា​យូរ​ថ្ងៃ ក៏​មក​ទន្ទឹម​នឹង​គ្នីដុស ដោយ​ពិបាក​ណាស់ ពី​ព្រោះ​ខ្យល់​មិន​ស្រួល​សោះ នោះ​យើង​បើក​សសៀរ​ចូល​ទៅ តាម​កោះ​ក្រេត ទល់​មុខ​នឹង​ជ្រោយ​សាល‌ម៉ូន

8. បើក​ទៅ​តាម​កោះ​នោះ ដោយ​ពិបាក​ណាស់ ក៏​ដល់​កន្លែង​១​ហៅ​ថា ទ្វារ​សមុទ្រ​លំអ ដែល​នៅ​ជិត​ក្រុង​ឡា‌សេ។

9. លុះ​បាន​កន្លង​មក​ជា​យូរ​ថ្ងៃ កាល​សំពៅ​ណា​បើក​ទៅ​នឹង​មាន​អន្តរាយ ពី​ព្រោះ​បុណ្យ​តមបាន​កន្លង​ហើយ នោះ​ប៉ុល​ទូន្មាន​គេ​ថា

10. អ្នក​រាល់​គ្នា​អើយ បើ​បើក​ទៅ​ឥឡូវ ខ្ញុំ​យល់​ឃើញ​ថា នឹង​មាន​អន្តរាយ ហើយ​ខូច​ខាត​ជា​ច្រើន មិន​ត្រឹម​តែ​ទំនិញ និង​សំពៅ​ប៉ុណ្ណោះ​ទេ គឺ​ដល់​ទាំង​ជីវិត​យើង​រាល់​គ្នា​ផង

11. ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ

12. ហើយ​ដោយ​ព្រោះ​ទ្វារ​សមុទ្រ​នោះ​មិន​ស្រួល​នឹង​សំណាក់​នៅ​ក្នុង​រដូវ​រងា​ផង បាន​ជា​ច្រើន​គ្នា​គេ​ទូន្មាន​ឲ្យ​បើក​ចេញ​ពី​ទី​នោះ​ទៅ ដើម្បី​នឹង​ស្រូត​ទៅ​ឯ​ភេនីច ហើយ​ឲ្យ​ស្នាក់​នៅ​ក្នុង​រដូវ​រងា​វិញ បើ​សិន​ជា​បាន នោះ​ជា​ទ្វារ​សមុទ្រ​នៅ​កោះ​ក្រេត ដែល​បែរ​ទៅ​ទិស​និរតី និង​ទិស​ពាយព្យ។

13. ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត

14. តែ​ក្រោយ​មក​បន្តិច នោះ​មាន​ធ្លាក់​ខ្យល់​ព្យុះ​កំណាច ដែល​ហៅ​ថា ខ្យល់​អ៊ើរ៉ា‌គ្លីដូន មក​ប៉ះ​នឹង​សំពៅ

15. ហើយ​យើង​បំបែរ​ក្បាល​សំពៅ​ទៅ​ចំ​ខ្យល់​ពុំ​បាន នោះ​ក៏​ទុក​ឲ្យ​បណ្តោយ​តាម​ខ្យល់​ទៅ

16. បាន​សសៀរ​ទៅ​តាម​កោះ​១​តូច ឈ្មោះ​ក្លូដេ ហើយ​លើក​ទូកចង​ដោយ​ពិបាក​ណាស់

17. កាល​លើក​ចង​ស្រេច​ហើយ គេ​ក៏​យក​ខ្សែពួរ​ចង​ព័ទ្ធ​សំពៅ រួច​ទំលាក់​ក្តោង​ឲ្យ​រសាត់​ទៅ​តាម​ខ្យល់ ខ្លាច​ក្រែង​កឿង​នឹង​ផ្នូក​ខ្សាច់

សូមអានជំពូកពេញលេញ កិច្ចការ 27