គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះ‌វរ‌បិតា​អើយ

7. ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ។

8. នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ

9. តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ

10. អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​ផ្សេងៗ

11. ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។

12. បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ

13. តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្តី​កំសោយ​ខាង​សាច់​ឈាម

14. ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្តី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង

15. ដូច្នេះ សេចក្តី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន

16. ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្តី​ពិត​ឬ​អី

17. គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ

18. គួរ​ឲ្យ​មាន​សេចក្តី​សង្វាត ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ

19. កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង

20. ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្តី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។

សូមអានជំពូកពេញលេញ កាឡាទី 4