ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កាឡាទី 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ខ្ញុំ​និយាយ​ដូច្នេះ​ថា កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើ​ជា​ម្ចាស់​លើ​ទាំង​អស់​ក៏​ដោយ

2. ដ្បិត​ត្រូវ​នៅ​ក្នុង​អំណាច​ភីលៀង និង​អ្នក​ត្រួត​ត្រា ដរាប​ដល់​វេលា ដែល​ឪពុក​បាន​កំណត់​ជា​មុន

3. ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង

4. តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ​ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រឹត្យ‌វិន័យ

5. ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម

6. ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ​ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះ‌វរ‌បិតា​អើយ

7. ដូច្នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បាវ​បំរើ​ទៀត​ទេ គឺ​ជា​កូន​វិញ ហើយ​បើ​ជា​កូន​នោះ​នឹង​បាន​មរដក​នៃ​ព្រះ ដោយ‌សារ​ព្រះ‌គ្រីស្ទ​ដែរ។

ប៉ុល​ព្រួយ​បារម្ភ​អំពី​អ្នក​ស្រុក​កាឡាទី

8. នៅ​វេលា​នោះ កាល​អ្នក​រាល់​គ្នា​មិន​ទាន់​ស្គាល់​ព្រះ នោះ​ត្រូវ​ជាប់​បំរើ​ដល់​អស់​ទាំង​របស់ ដែល​មិន​មែន​ជា​ព្រះ​ពី​កំណើត​ទេ

9. តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ

10. អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​ថ្ងៃ ខែ រដូវ និង​ឆ្នាំ​ផ្សេងៗ

11. ខ្ញុំ​ខ្លាច​ក្រែង​ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់ ក្នុង​ពួក​អ្នក​រាល់​គ្នា ជា​ឥត​ប្រយោជន៍។

12. បង​ប្អូន​អើយ ខ្ញុំ​សូម​អង្វរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដូច​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​អ្នក​រាល់​គ្នា​ដែរ អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ខ្ញុំ​ទេ

13. តែ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​មក​អ្នក​រាល់​គ្នា​កាល​ពី​ដើម ដោយ​សេចក្តី​កំសោយ​ខាង​សាច់​ឈាម

14. ហើយ​អ្នក​រាល់​គ្នា​មិន​បាន​មើល‌ងាយ ចំពោះ​សេចក្តី​ល្បង​ក្នុង​សាច់​ឈាម​ខ្ញុំ ឬ​ចោល​ខ្ញុំ​ចេញ ដោយ​ខ្ពើម​នោះ​ទេ គឺ​បាន​ទទួល​ខ្ញុំ ទុក​ដូច​ជា​ទេវតា​នៃ​ព្រះ​វិញ ហើយ​ដូច​ជា​ព្រះ‌យេស៊ូវ​គ្រីស្ទ​ផង

15. ដូច្នេះ សេចក្តី​អំណរ​ដែល​អ្នក​រាល់​គ្នា​មាន​កាល​ពី​ដើម​នោះ តើ​នៅ​ឯ​ណា ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​អ្នក​រាល់​គ្នា​ថា កាល​ណោះ​អ្នក​រាល់​គ្នា​នឹង​ខ្វេះ​ភ្នែក​ចេញ​ឲ្យ​មក​ខ្ញុំ បើ​សិន​ជា​បាន

16. ដូច្នេះ តើ​ខ្ញុំ​បាន​ត្រឡប់​ជា​ខ្មាំង​សត្រូវ​នឹង​អ្នក​រាល់​គ្នា​វិញ ដោយ​ព្រោះ​តែ​និយាយ​សេចក្តី​ពិត​ឬ​អី

17. គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​អ្នក​រាល់​គ្នា​ណាស់ តែ​មិន​ល្អ​ទេ គឺ​គេ​ចង់​តែ​ឲ្យ​អ្នក​រាល់​គ្នា​ចោល​យើង​ខ្ញុំ​ចេញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រឹង​សង្វាត​ទៅ​តាម​គេ​វិញ

18. គួរ​ឲ្យ​មាន​សេចក្តី​សង្វាត ខាង​ការ​ល្អ​ជា​ដរាប​ទៅ មិន​មែន​តែ​ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ឡើយ

19. កូន​ចៅ​អើយ ខ្ញុំ​លំបាក​ក្នុង​ចិត្ត​ជា​ពន់‌ពេក ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ម្តង​ទៀត ទាល់​តែ​ព្រះ‌គ្រីស្ទ​បាន​ក​មាន​រូប​រាង ក្នុង​អ្នក​រាល់​គ្នា​ឡើង

20. ហើយ​ឥឡូវ​នេះ ខ្ញុំ​ចង់​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្លាស់​ពាក្យ​សំដី​ចេញ ដ្បិត​ខ្ញុំ​មាន​សេចក្តី​សង្ស័យ ពី​ដំណើរ​អ្នក​រាល់​គ្នា​ណាស់។

សញ្ញា​ចាស់ និង​សញ្ញា​ថ្មី

21. អ្នក​រាល់​គ្នា ដែល​ចង់​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​មក​ខ្ញុំ តើ​មិន​ឮ​សេចក្តី​ដែល​ក្រឹត្យ‌វិន័យ​ថា​ទេ​ឬ​អី

22. ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា លោក​អ័ប្រា‌ហាំ​មាន​កូន​២ មួយ​កើត​ពី​បាវ​ស្រី ហើយ​មួយ​ពី​ស្រី​អ្នក​ជា

23. តែ​កូន​ដែល​កើត​ពី​បាវ​ស្រី នោះ​បាន​កើត​តាម​សាច់​ឈាម ហើយ​១​ដែល​កើត​ពី​អ្នក​ជា បាន​កើត​តាម​សេចក្តី​សន្យា​វិញ

24. នោះ​ជា​សេចក្តី​ប្រៀប​ធៀប គឺ​ស្ត្រី​ទាំង​២​នេះ​ជា​គំរូ​ពី​សេចក្តី​សញ្ញា​២​ច្បាប់ មួយ​មក​ពី​ភ្នំ​ស៊ី‌ណាយ ក៏​បង្កើត​សភាព​ជា​បាវ​បំរើ នោះ​គឺ​ជា​នាង​ហាការ

25. ដ្បិត​នាង​ហាការ​ទុក​ដូច​ជា​ភ្នំ​ស៊ី‌ណាយ នៅ​ស្រុក​អារ៉ាប់ ហើយ​ក៏​ត្រូវ​នឹង​ក្រុង​យេរូ‌សាឡិម​សព្វ​ថ្ងៃ​នេះ ជា​ក្រុង​ដែល​ជាប់​បំរើ​ជា​មួយ​នឹង​កូន​ចៅ​ផង

26. តែ​ក្រុង​យេរូ‌សាឡិម ដែល​នៅ​ស្ថាន​លើ នោះ​ជា​ស្រី​អ្នក​ជា​វិញ ដែល​ជា​ម្តាយ​យើង​ទាំង​អស់​គ្នា

27. ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឱ​នាង​អារ ដែល​មិន​បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង ឱ​នាង​ដែល​មិន​បាន​ឈឺ​នឹង​សំរាល​អើយ ចូរ​ធ្លាយ​សំរែក​ឡើង​ចុះ ពី​ព្រោះ​កូន​របស់​នាង​ដែល​គ្មាន​គូ នោះ​ច្រើន​ជាង​កូន​នៃ​នាង​ដែល​មាន​ប្ដី​ទៅ​ហើយ»

28. តែ​បង​ប្អូន​អើយ យើង​រាល់​គ្នា​ជា​កូន​តាម​សេចក្តី​សន្យា ដូច​ជា​លោក​អ៊ីសាក​ដែរ

29. តែ​ឥឡូវ​នេះ ក៏​ដូច​ជា​កាល​ពី​ដើម ដ្បិត​កូន​ដែល​កើត​តាម​សាច់​ឈាម បាន​ធ្វើ​ទុក្ខ​ដល់​កូន ដែល​កើត​តាម​ព្រះ‌វិញ្ញាណ​វិញ

30. តែ​គម្ពីរ​ថា​ដូច​ម្តេច គឺ​ថា «ចូរ​ដេញ​បាវ​ស្រី​នឹង​កូន​វា​ចេញ ដ្បិត​កូន​របស់​បាវ​ស្រី មិន​ត្រូវ​គ្រង​មរដក ជា​មួយ​នឹង​កូន​របស់​ស្រី​អ្នក​ជា​ឡើយ»

31. ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។