គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 19:22-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ប៉ុន្តែ ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ

23. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។

24. ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត

25. រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង

26. លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន​ជើង

27. តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ

28. ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​នាក់​ដែល​បរិភោគ នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី និង​ស្រែក​រក​ព្រះ‌ករុណា​ទៀត

29. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

30. មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់ ដោយ​សុខ‌សាន្ត​ហើយ។

31. ឯ​បារស៊ី‌ឡាយ ជា​ពួក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ

32. លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក

33. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា សូម​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ នោះ​ខ្ញុំ​នឹង​បី‌បាច់‌រក្សា​លោក នៅ​ឯ​ក្រុង​យេរូ‌សាឡិម

34. តែ​បារស៊ី‌ឡាយ​ទូល​ឆ្លើយ​ថា តើ​ទូល‌បង្គំ​នឹង​នៅ​រស់​បាន​ប៉ុន្មាន​ទៅ​ទៀត ដែល​នឹង​គួរ​តាម​ព្រះ‌ករុណា ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​នោះ

35. ថ្ងៃ​នេះ ទូល‌បង្គំ​មាន​អាយុ​៨០​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អាក្រក់​បាន​ឬ​អី តើ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្តាប់​សំឡេង របស់​ពួក​ចំរៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ ដូច្នេះ តើ​គួរ​អ្វី ឲ្យ​ទូល‌បង្គំ​បាន​នៅ​ផ្ទុក​លើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ទៀត

36. ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ ចង់​គ្រាន់​តែ​ឆ្លង​ជូន​ព្រះ‌ករុណា ទៅ​ត្រឹម​ត្រើយ​ទន្លេ​យ័រដាន់​ម្ខាង​ប៉ុណ្ណោះ​ទេ ហេតុ​អ្វី​បាន​ជា​ចង់​សង​ទូល‌បង្គំ ដោយ​រង្វាន់​ជា​ធំ​ម៉្លេះ​ធ្វើ​អី

សូមអានជំពូកពេញលេញ ២ សាំយូអែល 19