គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 19:13-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. មួយ​ទៀត​ត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង

14. យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង

15. ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចម្លង​ទ្រង់​ពី​ទន្លេ​យ័រដាន់​មក។

16. រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ

17. មាន​ទាំង​ពួក​បេន‌យ៉ា‌មីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល និង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច

18. ក៏​មាន​ទូក​១​ឆ្លង​ទៅ​សំរាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ទ័យ​ទ្រង់ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រដាន់​មក នោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ទូល​ថា

19. បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្តី​អាក្រក់ ដែល​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ

20. ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់​យល់​ឃើញ​ថា បាន​ធ្វើ​អាក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មក​ដល់ នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្តា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ

21. តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី

22. ប៉ុន្តែ ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ

23. រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។

24. ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត

25. រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង

26. លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន​ជើង

27. តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ

28. ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​នាក់​ដែល​បរិភោគ នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី និង​ស្រែក​រក​ព្រះ‌ករុណា​ទៀត

29. ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

សូមអានជំពូកពេញលេញ ២ សាំយូអែល 19