គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 16:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ស៊ីម៉ាយ​វា​ជេរ​ដូច្នេះ​ថា អា​ខ្ចាយ​ឈាម អា​មនុស្ស​ពាល ចូរ​ទៅៗ

8. ព្រះ‌យេហូវ៉ា​បាន​ទំលាក់​លោហិត​ទាំង​ប៉ុន្មាន​នៃ​វង្ស​របស់​សូលមក​លើ​ឯង ដែល​ឯង​បាន​ជែង​យក​រាជ្យ​របស់​ទ្រង់​នោះ ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​រាជ្យ ទុក​ក្នុង​អំណាច​អាប់‌សា‌ឡំម ជា​កូន​ឯង​វិញ មើល ឥឡូវ​នេះ ឯង​ជាប់​ក្នុង​ការ​អាក្រក់​របស់​ខ្លួន​ហើយ ពី​ព្រោះ​ឯង​ជា​មនុស្ស​ខ្ចាយ​ឈាម។

9. នោះ​អ័ប៊ី‌សាយ​ជា​កូន​សេរូយ៉ា​ទូល​ទៅ​ស្តេច​ថា តើ​មាន​ហេតុ​អ្វី​ឲ្យ​អា​ឆ្កែ​ងាប់​នេះ បាន​ជេរ​ប្រមាថ​ដល់​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​យ៉ាង​នេះ សូម​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​កាត់​ក្បាល​វា​ចេញ

10. ស្តេច​មាន​ព្រះ‌បន្ទូល​ថា នែ កូន​សេរូយ៉ា​អើយ តើ​យើង​នឹង​អ្នក​មាន​ប្រកប​អ្វី​នឹង​គ្នា ដែល​វា​ជេរ​ប្រមាថ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រាប់​ឲ្យ​វា​ជេរ​ប្រមាថ​ដល់​ដាវីឌ​ទេ​តើ បើ​យ៉ាង​នោះ​តើ​អ្នក​ណា​នឹង​ហ៊ាន​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ

11. រួច​ដាវីឌ​មាន​ព្រះ‌បន្ទូល​ទៅ​អ័ប៊ី‌សាយ និង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន​ថា មើល អំបាល​តែ​កូន​ដែល​ខ្លួន​យើង​បង្កើត ម៉េច​វា​រក​ជីវិត​យើង​ទៅ​ហើយ ចំណង់​បើ​ពូជ​ពួក​បេន‌យ៉ា‌មីន​នេះ តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត កុំ​ធ្វើ​វា ឲ្យ​វា​ជេរ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​វា​មក​ហើយ

12. ប្រហែល​ជា​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ទត​មើល​សេចក្តី​វេទនា​របស់​យើង​ទេ​ដឹង រួច​ទ្រង់​នឹង​ប្រោស​សេចក្តី​ល្អ​មក​យើង ជំនួស​សេចក្តី​ដែល​វា​ជេរ​ប្រមាថ​នៅ​ថ្ងៃ​នេះ​វិញ

13. នោះ​ដាវីឌ​ក៏​យាង​តាម​ផ្លូវ​ទៅ ព្រម​ទាំង​ពួក​ទ្រង់​ផង ឯ​ស៊ីម៉ាយ​វា​ដើរ​តាម​ចង្កេះ​ភ្នំ​ទន្ទឹម​នឹង​ទ្រង់​ដែរ ទាំង​ជេរ​បណ្តើរ ព្រម​ទាំង​ចោល​ថ្ម​ទៅ​លើ​ទ្រង់ ហើយ​បាច‌សាច​ធូលី​ដី​ផង

14. យ៉ាង​នោះ​ស្តេច និង​ពួក​បណ្តា‌ជន​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ ក៏​ទៅ​ដល់​ទី​ឈប់​ទាំង​អស់​កំឡាំង ហើយ​គេ​សំរាក​នៅ​ទី​នោះ។

15. រីឯ​អាប់‌សា‌ឡំម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ក៏​មក​ដល់​ក្រុង​យេរូ‌សាឡិម មាន​ទាំង​អ័ហ៊ី‌ថូ‌ផែល​មក​ជា​មួយ​ដែរ

16. ហើយ​កាល​ហ៊ូសាយ ជា​ពួក​អើគី ជា​សំឡាញ់​ដាវីឌ បាន​មក​ដល់​អាប់‌សា‌ឡំម នោះ​លោក​ទូល​ទៅ​អាប់‌សា‌ឡំម​ថា សូម​ឲ្យ​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​ជា​យូរ‌អង្វែង​ទៅ សូម​ឲ្យ​ព្រះ‌ករុណា​ប្រកប​ដោយ​សេចក្តី​ចំរើន

17. អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ

18. នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​បណ្តា‌ជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ

19. មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូល‌បង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូល‌បង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះ‌វរ‌បិតា​ដែរ។

20. នោះ​អាប់‌សា‌ឡំម​មាន​ព្រះ‌បន្ទូល ទៅ​អ័ហ៊ី‌ថូ‌ផែល​ថា ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ជា​ធ្វើ​យ៉ាង​ណា​ផង

សូមអានជំពូកពេញលេញ ២ សាំយូអែល 16