គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 13:21-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. កាល​ស្តេច​ដាវីឌ​បាន​ឮ​និយាយ​ពី​រឿង​ទាំង​នោះ ទ្រង់​មាន​សេចក្តី​ពិរោធ​ជា​ខ្លាំង

22. តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​ព្រះ‌បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។

23. ក្រោយ​២​ឆ្នាំ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់‌សា‌ឡំម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រា‌អិម ហើយ​អាប់‌សា‌ឡំម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក

24. ទ្រង់​ចូល​ទៅ​គាល់​ស្តេច​ទូល​ថា បពិត្រ​ព្រះ‌ករុណា ទូល‌បង្គំ​ជា​អ្នក​បំរើ​នៃ​ទ្រង់ មាន​ពួក​ជាង​មក​កាត់​រោម​ចៀម ដូច្នេះ សូម​ព្រះ‌ករុណា ព្រម​ទាំង​ពួក​អ្នក​បំរើ​ទ្រង់​ឯ​ទៀត យាង​ទៅ​ទទួល​ជប់‌លៀង​ជា​មួយ​នឹង​ទូល‌បង្គំ

25. តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ទៅ​អាប់‌សា‌ឡំម​ថា ទេ កូន​អើយ មិន​ត្រូវ​ឲ្យ​យើង​ទៅ​ទាំង​អស់​គ្នា​ទេ ក្រែង​ជា​បន្ទុក​ធ្ងន់​ដល់​ឯង​ពេក អាប់‌សា‌ឡំម​ក៏​ទូល​បង្ខំ​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ទៅ​ទេ គឺ​បែរ​ជា​ប្រទាន​ពរ​ឲ្យ​វិញ

26. នោះ​អាប់‌សា‌ឡំម​ទូល​ថា បើ​ទ្រង់​មិន​យាង​ទៅ​ទេ នោះ​សូម​ឲ្យ​តែ​អាំណូន​ជា​ជេដ្ឋា​ទូល‌បង្គំ​ទៅ​ជា​មួយ​ចុះ តែ​ស្តេច​មាន​ព្រះ‌បន្ទូល​សួរ​ថា ចង់​ឲ្យ​វា​ទៅ​ជា​មួយ​នឹង​ឯង​ធ្វើ​អី

27. ប៉ុន្តែ ដោយ​អាប់‌សា‌ឡំម​ចេះ​តែ​បង្ខំ​ទ្រង់ បាន​ជា​ទ្រង់​ក៏​អនុញ្ញាត​ឲ្យ​អាំណូន ហើយ​នឹង​ពួក​បុត្រា​ទ្រង់​ទាំង​អស់ ទៅ​ជា​មួយ

28. រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ

29. ពួក​អ្នក​បំរើ​របស់​អាប់‌សា‌ឡំម ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។

30. កាល​បុត្រា​ស្តេច​ទាំង​នោះ កំពុង​តែ​យាង​មក​តាម​ផ្លូវ នោះ​ដំណឹង​ក៏​ឮ​ទៅ​ដល់​ដាវីឌ​ថា អាប់‌សា‌ឡំម​បាន​សំឡាប់​បុត្រ​ទ្រង់​ព្រះ‌ករុណា​ទាំង​អស់​ហើយ គ្មាន​សល់​១​ឡើយ

31. នោះ​ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង​ហែក​ព្រះ‌ពស្ត្រ រួច​ផ្ទំ​នៅ​ដី ឯ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ក៏​ឈរ​នៅ​ជិត​ទាំង​មាន​អាវ​រហែក​ដែរ

32. តែ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់‌សា‌ឡំម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក

33. ដូច្នេះ សូម​កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ​មាន​ព្រះ‌ទ័យ​ព្រួយ​ពេក ដោយ​ស្មាន​ថា ពួក​ព្រះ‌រាជ​បុត្រា​បាន​សុគត​ទាំង​អស់​នោះ​ឡើយ ដ្បិត​សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ឯ​អាប់‌សា‌ឡំម​ទ្រង់​រត់​បាត់​ទៅ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 13