គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ សាំយូអែល 12:16-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដូច្នេះ ដាវីឌ​ក៏​សូម​អង្វរ​ដល់​ព្រះ ពី​ដំណើរ​បុត្រ ទ្រង់​ក៏​តម​ព្រះ‌ស្ងោយ ព្រម​ទាំង​ចូល​ទៅ​ផ្ទំ​នៅ​ដី​ពេញ​១​យប់​នោះ

17. ពួក​ចាស់‌ទុំ​នៅ​ដំណាក់​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ទ្រង់ ចង់​លើក​ឲ្យ​តើន​ពី​ដី​ឡើង តែ​ទ្រង់​មិន​ព្រម​ទេ ក៏​មិន​ព្រម​សោយ​ជា​មួយ​នឹង​គេ​ដែរ

18. លុះ​ដល់​ថ្ងៃ​ទី​៧ បុត្រ​នោះ​ក៏​សុគត​ទៅ ហើយ​ពួក​អ្នក​បំរើ​របស់​ដាវីឌ គេ​ខ្លាច​មិន​ហ៊ាន​ទូល​ទ្រង់​ឲ្យ​ជ្រាប​ថា បុត្រ​នោះ​សុគត​ទេ ដោយ​គិត​គ្នា​ថា មើល​កាល​បុត្រ​មាន​ព្រះ‌ជន្ម​រស់​នៅ​ឡើយ នោះ​យើង​បាន​ទូល​អង្វរ​ដល់​ទ្រង់ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​យើង​ទៅ​ហើយ ចំណង់​បើ​យើង​ទូល​ទ្រង់​ឲ្យ​ជ្រាប​ពី​បុត្រ​សុគត​ទៅ នោះ​តើ​នឹង​ធ្វើ​ទុក្ខ​ដល់​អង្គ​ទ្រង់​យ៉ាង​ណា​ទៅ​ទៀត

19. ប៉ុន្តែ កាល​ដាវីឌ​ឃើញ​ថា ពួក​អ្នក​បំរើ​កំពុង​តែ​ខ្សឹប​គ្នា​ដូច្នោះ នោះ​ទ្រង់​យល់​ឃើញ​ថា ប្រាកដ​ជា​បុត្រ​បាន​សុគត​ហើយ ក៏​សួរ​ពួក​អ្នក​បំរើ​ថា បុត្រ​បាន​សុគត​ហើយ​ឬ​អី គេ​ទូល​ឆ្លើយ​ថា សុគត​ហើយ

20. នោះ​ដាវីឌ​ក៏​តើន​ពី​ដី​ឡើង ទៅ​ស្រង់​ទឹក ព្រម​ទាំង​ប្រោះ​ទឹក​អប់ ហើយ​ផ្លាស់​សំលៀក‌បំពាក់ រួច​ចូល​ទៅ​ថ្វាយ‌បង្គំ​នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌យេហូវ៉ា ក្រោយ​មក​កាល​ទ្រង់​បាន​ត្រឡប់​ចូល​មក ក្នុង​ដំណាក់​វិញ នោះ​ទ្រង់​បង្គាប់​ដល់​ពួក​អ្នក​បំរើ ហើយ​គេ​ក៏​លើក​ព្រះ‌ស្ងោយ​មក​ថ្វាយ​ទ្រង់​សោយ

21. ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ

22. ដាវីឌ​មាន​ព្រះ‌បន្ទូល​តប​ថា កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ យើង​បាន​តម​ហើយ​យំ ដោយ​គិត​ថា ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​មេត្តា​ដល់​យើង ឲ្យ​បុត្រ​មាន​ព្រះ‌ជន្ម​ត​ទៅ​ទេ​ដឹង

23. តែ​ឥឡូវ​នេះ​បុត្រ​សុគត​ទៅ​ហើយ​ដូច្នេះ តើ​យើង​នៅ​តម​អត់​ធ្វើ​អ្វី​ទៀត តើ​យើង​អាច​នឹង​នាំ​បុត្រ​ឲ្យ​ត្រឡប់​មក​វិញ​បាន​ដែរ​ឬ យើង​នឹង​ទៅ​ឯ​វា តែ​វា​មិន​ដែល​ត្រឡប់​មក​ឯ​យើង​វិញ​ឡើយ។

24. ដាវីឌ​ក៏​ជួយ​កំសាន្ត​ទុក្ខ​នាង​បាត‌សេបា ជា​ភរិយា​ទ្រង់​ដែរ រួច​ចូល​ទៅ​រួម​បន្ទំ​ជា​មួយ​នឹង​នាង ហើយ​នាង​ប្រសូត​បាន​បុត្រា​១ ទ្រង់​ប្រទាន​ព្រះ‌នាម​ថា សាឡូ‌ម៉ូន ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្រឡាញ់​បុត្រ​នោះ

25. ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។

26. ឯ​យ៉ូអាប់​លោក​កំពុង​តែ​ច្បាំង​នឹង​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​វាយ​ចាប់​យក​ក្រុង​ហ្លួង​បាន

27. រួច​លោក​ចាត់​គេ​ឲ្យ​ទៅ​ទូល​ដាវីឌ​ថា ទូល‌បង្គំ​បាន​ចូល​ទៅ​វាយ​ក្រុង​រ៉ាបាត ហើយ​ចាប់​យក​បាន​ប៉ែក​ដែល​នៅ​ខាង​មាត់​ទឹក​ហើយ

28. ដូច្នេះ សូម​ទ្រង់​ប្រមូល​ពួក​ពល‌ទ័ព​ដែល​នៅ​សល់ មក​បោះ​ទ័ព ចាប់​យក​ទី​ក្រុង​នោះ​ចុះ ក្រែង​ទូល‌បង្គំ​វាយ​យក​បាន ហើយ​គេ​តាំង​ឈ្មោះ​ក្រុង​នោះ​តាម​ឈ្មោះ​ទូល‌បង្គំ​វិញ

29. នោះ​ដាវីឌ​ក៏​ប្រមូល​ពួក​ពល​ទ័ព​ទាំង​អស់ ទៅ​វាយ​យក​ក្រុង​រ៉ាបាត​បាន

30. ទ្រង់​ក៏​យក​មកុដ​ពី​ព្រះ‌សិរ​របស់​ស្តេច​គេ មក​បំពាក់​លើ​ព្រះ‌សិរ​នៃ​ទ្រង់​វិញ ឯ​មកុដ​នោះ មាន​ទំងន់​ជា​១​ហាប​មាស ក៏​ដាំ​ដោយ​ត្បូង​មាន​ដំឡៃ​ផ្សេងៗ រួច​ទ្រង់​នាំ​យក​របឹប​យ៉ាង​សន្ធឹក​ពី​ទី​ក្រុង​នោះ​មក

31. ក៏​នាំ​មនុស្ស​ទាំង​អស់​ដែល​នៅ​ក្រុង​នោះ​ចេញ​មក ប្រើ​គេ​ឲ្យ​ធ្វើ​ការ​កាប់​រំលំ ហើយ​អារ​ឈើ ព្រម​ទាំង​ភ្ជួរ‌រាស់ ហើយ​ធ្វើ​ការ​ក្នុង​ឡ​អិដ្ឋ ទ្រង់​ក៏​ធ្វើ​ដូច្នោះ​ដល់​អស់​ទាំង​ក្រុង​របស់​ពួក​កូន​ចៅ​អាំម៉ូន រួច​ទ្រង់​នាំ​បណ្តា​ទ័ព​ទាំង​ប៉ុន្មាន​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

សូមអានជំពូកពេញលេញ ២ សាំយូអែល 12