គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34:16-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ហើយ​សាផាន​នាំ​យក​ទៅ​ថ្វាយ​ដល់​ស្តេច ទូល​ថា ឯ​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រគល់​ដល់​ពួក​អ្នក​បំរើ​ទ្រង់ នោះ​គេ​កំពុង​តែ​ធ្វើ​ហើយ

17. គេ​បាន​ចាក់​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង និង​ពួក​ជាង​ធ្វើ​ការ

18. រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។

19. កាល​ស្តេច​ទ្រង់​ឮ​ពាក្យ​របស់​ក្រឹត្យ‌វិន័យ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

20. ហើយ​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា អ័ហ៊ី‌កាម ជា​កូន​សាផាន អាបដូន ជា​កូន​មីកាយ៉ា ស្មៀន​សាផាន និង​អ័សាយ៉ា ជា​អ្នក​ជំនិត​ទ្រង់​ថា

21. ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សំបើម​ណាស់ ពី​ព្រោះ​ពួក​អយ្យកោ​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ។

22. ដូច្នេះ ហ៊ីល‌គីយ៉ា និង​ពួក​អ្នក​ដែល​ស្តេច​បាន​ចាត់​ប្រើ​នោះ ក៏​ទៅ​ឯ​នាង​ហ៊ុលដា ជា​ហោរា ប្រពន្ធ​សាលូម កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ‌រាជ្យ (នាង​នោះ​អាស្រ័យ​នៅ​ឃុំ​លេខ​២ ក្នុង​ក្រុង​យេរូ‌សាឡិម) និយាយ​នឹង​នាង​តាម​ដំណើរ​រឿង​នោះ

23. រួច​នាង​តប​ដល់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ប្រាប់​ដល់​អ្នក ដែល​ចាត់​ឯង​រាល់​គ្នា​ឲ្យ​មក​ឯ​អញ​ថា

24. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មាន​សេចក្ដី​អាក្រក់​មក​លើ​ទី​នេះ ហើយ​លើ​ពួក​អ្នក​ដែល​នៅ​ទី​នេះ​ផង គឺ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​កត់​ទុក​ក្នុង​គម្ពីរ ដែល​គេ​បាន​អាន​មើល​ថ្វាយ​ស្តេច​ពួក​យូដា

25. ដោយ​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​ដទៃ ដើម្បី​នឹង​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​អស់​ទាំង​ការ​ដែល​ដៃ​គេ​ធ្វើ​ទាំង​ប៉ុន្មាន ហេតុ​នោះ​បាន​ជា​សេចក្ដី​កំហឹង​របស់​អញ​បាន​ចាក់​មក​លើ​ទី​នេះ ហើយ​នឹង​ពន្លត់​មិន​បាន​ផង

26. តែ​ឯ​ស្តេច​យូដា​ដែល​ចាត់​ឲ្យ​ឯង​រាល់​គ្នា​មក​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ត្រូវ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពាក្យ​ដែល​ទ្រង់​បាន​ឮ​នោះ​ថា

27. ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ ដោយ​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ទាស់​នឹង​ទី​នេះ ហើយ​នឹង​ពួក​អ្នក​នៅ​ទី​នេះ​ផង ព្រម​ទាំង​បន្ទ្រោម​ខ្លួន​ចុះ​នៅ​មុខ​អញ​ក៏​ហែក​អាវ ហើយ​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​អញ​បាន​ទទួល​ស្តាប់​តាម​ឯង​ហើយ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

28. មើល អញ​នឹង​ប្រមូល​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯង​នឹង​ទៅ​មូល​គ្នា នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្ដី​អាក្រក់​ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ និង​លើ​ពួក​អ្នក​នៅ​ទី​នេះ​ឡើយ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​នោះ​ទៅ​ទូល​ដល់​ស្តេច​វិញ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 34