គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 34:10-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គេ​ប្រគល់​ប្រាក់​នោះ ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង ជា​អ្នក​ដែល​ត្រួត​លើ​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ប្រគល់​ដល់​ពួក​ជាង​ដែល​ធ្វើ​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ជួស‌ជុល ហើយ​រៀប‌ចំ​ព្រះ‌វិហារ​ជា​ថ្មី​ឡើង​វិញ

11. គឺ​ប្រគល់​ដល់​ពួក​ជាង​ឈើ និង​ពួក​ជាង​រៀប​ថ្ម ឲ្យ​គេ​ទិញ​ថ្ម​ដាប់​ស្រាប់ និង​ឈើ​សំរាប់​ជា​ធ្នឹម និង​ផ្លាន ធ្វើ​មន្ទីរ​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​យូដា​បាន​បំផ្លាញ​ទៅ

12. ពួក​ជាង​ទាំង​នោះ​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់ ឯ​អ្នក​ដែល​ត្រួត​លើ​គេ គឺ​យ៉ាហាត និង​អូបាឌា ជា​ពួក​លេវី​ខាង​ពួក​កូន​ចៅ​ម្រ៉ារី ហើយ​សាការី និង​មស៊ូឡាម​ខាង​ពួក​កូន​ចៅ​កេហាត់ ដើម្បី​នឹង​បញ្ជឿន​ការ​នោះ ហើយ​មាន​ពួក​លេវី ដែល​ប៉ិន‌ប្រសប់​នឹង​លេង​ភ្លេង​ដែរ

13. គេ​ក៏​ត្រួត​លើ​ពួក​អ្នក​ដែល​លី‌សែង ហើយ​លើ​អស់​អ្នក​ដែល​ធ្វើ​ការ​គ្រប់​មុខ​ផង ឯ​ក្នុង​ពួក​លេវី​ទាំង​នោះ​មាន​ស្មៀន និង​នាយ ហើយ​នឹង​អ្នក​ឆ្មាំ​ទ្វារ​ដែរ។

14. កាល​កំពុង​តែ​យក​ប្រាក់ ដែល​គេ​បាន​យក​មក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ​ទៅ នោះ​ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ លោក​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ប្រទាន​មក​ដោយ‌សារ​លោក​ម៉ូសេ

15. លោក​ក៏​ប្រាប់​ដល់​ស្មៀន​សាផាន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​លោក​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន

16. ហើយ​សាផាន​នាំ​យក​ទៅ​ថ្វាយ​ដល់​ស្តេច ទូល​ថា ឯ​ការ​ទាំង​អស់​ដែល​ទ្រង់​បាន​ប្រគល់​ដល់​ពួក​អ្នក​បំរើ​ទ្រង់ នោះ​គេ​កំពុង​តែ​ធ្វើ​ហើយ

17. គេ​បាន​ចាក់​ប្រាក់ ដែល​ឃើញ​មាន​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចេញ ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​មេ​ជាង និង​ពួក​ជាង​ធ្វើ​ការ

18. រួច​ស្មៀន​សាផាន​ទូល​ទៀត​ថា ហ៊ីល‌គីយ៉ា​ដ៏​ជា​សង្ឃ​បាន​ប្រគល់​គម្ពីរ​នេះ​មក​ទូល‌បង្គំ ហើយ​សាផាន​ក៏​អាន​មើល​ក្នុង​គម្ពីរ​នោះ​ថ្វាយ​ស្តេច។

19. កាល​ស្តេច​ទ្រង់​ឮ​ពាក្យ​របស់​ក្រឹត្យ‌វិន័យ​ហើយ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

20. ហើយ​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា អ័ហ៊ី‌កាម ជា​កូន​សាផាន អាបដូន ជា​កូន​មីកាយ៉ា ស្មៀន​សាផាន និង​អ័សាយ៉ា ជា​អ្នក​ជំនិត​ទ្រង់​ថា

21. ចូរ​ទៅ​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង និង​ពួក​អ្នក​ដែល​សល់​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​យូដា ឲ្យ​យើង​បាន​ដឹង​ពី​ដំណើរ​ពាក្យ​នៃ​គម្ពីរ ដែល​ប្រទះ​ឃើញ​នេះ ដ្បិត​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ‌យេហូវ៉ា​ដែល​បាន​ចាក់​មក​លើ​យើង​រាល់​គ្នា នោះ​សំបើម​ណាស់ ពី​ព្រោះ​ពួក​អយ្យកោ​យើង​រាល់​គ្នា មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ទេ។

22. ដូច្នេះ ហ៊ីល‌គីយ៉ា និង​ពួក​អ្នក​ដែល​ស្តេច​បាន​ចាត់​ប្រើ​នោះ ក៏​ទៅ​ឯ​នាង​ហ៊ុលដា ជា​ហោរា ប្រពន្ធ​សាលូម កូន​ធីកវ៉ា ដែល​ជា​កូន​ហារហាស អ្នក​រក្សា​ព្រះ‌ពស្ត្រ‌រាជ្យ (នាង​នោះ​អាស្រ័យ​នៅ​ឃុំ​លេខ​២ ក្នុង​ក្រុង​យេរូ‌សាឡិម) និយាយ​នឹង​នាង​តាម​ដំណើរ​រឿង​នោះ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 34