គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ក៏​ធ្វើ​សំបុត្រ​មួល‌បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា ឯ​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​យ៉ាង​ណា នោះ​ព្រះ​របស់​ហេសេគា ក៏​មិន​អាច​នឹង​ជួយ​រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដូច្នោះ​ដែរ

18. ពួក​ទូត​នោះ​ក៏​ស្រែក​យ៉ាង​ខ្លាំង ជា​ភាសា​របស់​ពួក​យូដា ដល់​ពួក​ក្រុង​យេរូ‌សាឡិម ដែល​នៅ​លើ​កំផែង ដើម្បី​នឹង​គំរាម​បំភ័យ​ឲ្យ​គេ​វល់​គំនិត ប្រយោជន៍​ឲ្យ​អាច​នឹង​យក​ទី​ក្រុង​បាន

19. គេ​បាន​និយាយ​ពី​ព្រះ​នៃ​ក្រុង​យេរូ‌សាឡិម ទុក​ដូច​ជា​អស់​ទាំង​ព្រះ​របស់​សាសន៍​ដទៃ ទាំង​ប៉ុន្មាន​នៅ​ផែនដី ជា​ព្រះ​ដែល​ជា​ស្នាដៃ​របស់​មនុស្ស​លោក​ទេ។

20. ដូច្នេះ ស្តេច​ហេសេគា និង​ហោរា​អេសាយ ជា​កូន​អ័ម៉ូស ក៏​អធិស្ឋាន​ពី​ដំណើរ​នោះ ហើយ​អំពាវ‌នាវ​ដល់​ស្ថាន​សួគ៌

21. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​ទេវតា​ឲ្យ​មក​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ ដែល​មាន​ចិត្ត​ក្លាហាន​ក្នុង​ទី​បោះ​ទ័ព​របស់​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ពួក​អ្នក​នាំ​មុខ និង​ពួក​មេ‌ទ័ព​ទាំង​អស់​ទៅ នោះ​ស្តេច​ទ្រង់​ក៏​វិល​ទៅ​ឯ​នគរ​របស់​ទ្រង់​វិញ ដោយ​សេចក្ដី​អៀន‌ខ្មាស ហើយ​កាល​ទ្រង់​បាន​ចូល​ទៅ​ក្នុង​វិហារ​នៃ​ព្រះ​របស់​ទ្រង់ នោះ​បុត្រ​បង្កើត​របស់​ទ្រង់​ក៏​ធ្វើ​គុត​ទ្រង់ ដោយ​ដាវ​នៅ​ទី​នោះ

22. គឺ​យ៉ាង​នោះ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​សង្គ្រោះ​ហេសេគា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ហើយ​ពី​កណ្តាប់​ដៃ​នៃ​សត្រូវ​ឯ​ទៀត ព្រម​ទាំង​ការ‌ពារ​គេ​នៅ​គ្រប់​ទិស​ផង

23. ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។

24. នៅ​គ្រា​នោះ ហេសេគា​ទ្រង់​ចាប់​ប្រឈួន​ជា​ធ្ងន់​ហៀប​នឹង​សុគត តែ​ទ្រង់​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ព្រម​ទាំង​ប្រាប់​ទី​សំគាល់​ដល់​ស្តេច

សូមអានជំពូកពេញលេញ ២ របាក្សត្រ 32