គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 32:1-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​គ្រប់​ទាំង​ការ ជា​អំពើ​ស្មោះ‌ត្រង់​ទាំង​នោះ​មក នោះ​សាន‌ហេ‌រីប ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ទ្រង់​ទន្ទ្រាន​ចូល​មក​ក្នុង​ស្រុក​យូដា បោះ​ទ័ព​ច្បាំង និង​អស់​ទាំង​ទី​ក្រុង​មាន​បន្ទាយ ដោយ​ប្រាថ្នា​ចង់​ចាប់​យក​ទី​ក្រុង​ទាំង​នោះ

2. កាល​ហេសេគា​ទ្រង់​ឃើញ​ថា សាន‌ហេ‌រីប​បាន​មក​ដូច្នោះ ហើយ​មុខ​ជា​គិត​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម​ដែរ

3. នោះ​ទ្រង់​ក៏​ប្រឹក្សា​នឹង​ពួក​អ្នក​ជា​ប្រធាន ហើយ​នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ​របស់​ទ្រង់ សំរេច​នឹង​ទប់​ប្រឡាយ​ទឹក​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​ក្រៅ​ទី​ក្រុង ហើយ​ពួក​អ្នក​ទាំង​នោះ​ក៏​ជួយ

4. គេ​ប្រមូល​មនុស្ស​ជា​ច្រើន​មក​ទប់​អស់​ទាំង​ប្រឡាយ​ទឹក និង​ជ្រោះ​ទឹក​ដែល​ហូរ​កាត់​ស្រុក​នោះ ដោយ​និយាយ​គ្នា​ថា នឹង​ទុក​ឲ្យ​ពួក​ស្តេច​អាស‌ស៊ើរ​មក​ដល់​ទី​នេះ​ឃើញ​មាន​ទឹក​ជា​ច្រើន​ធ្វើ​អី

5. ទ្រង់​មាន​ព្រះ‌ទ័យ​ក្លា​ឡើង​ក៏​សង់​កំផែង​ដែល​បាក់​បែក​ឡើង​វិញ ហើយ​ឲ្យ​ស្មើ​នឹង​ប៉ម​ទាំង​ប៉ុន្មាន ព្រម​ទាំង​សង់​កំផែង​មួយ​ទៀត នៅ​ខាង​ក្រៅ ហើយ​ធ្វើ​ឲ្យ​ប៉ម​មីឡូរ ដែល​នៅ​ក្នុង​ក្រុង​ដាវីឌ បាន​មាំ‌មួន​ឡើង​ផង ក៏​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ខែល​ជា​បរិបូរ

6. ទ្រង់​តាំង​ឲ្យ​មាន​មេ​ក្រសួង​សឹក​ត្រួត​លើ​បណ្តា‌ជន ក៏​ប្រមូល​ជន​ទាំង‌ឡាយ​មក​ឯ​ទ្រង់ នៅ​ទីធ្លា​ត្រង់​មាត់​ទ្វារ​ទី​ក្រុង មាន​ព្រះ‌បន្ទូល​កំសាន្ត​ចិត្ត​គេ​ថា

7. ចូរ​មាន​កំឡាំង​ឡើង ហើយ​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ភ័យ​ខ្លាច ឬ​ស្រយុត​ចិត្ត ដោយ​ព្រោះ​ស្តេច​អាស‌ស៊ើរ និង​ពួក​ពល​ទាំង​ហ្វូង ដែល​មក​ជា​មួយ​នោះ​ឡើយ ដ្បិត​នៅ​ខាង​យើង មាន​១​អង្គ​ដែល​ពូកែ​ជាង​ពួក​គេ​ទៅ​ទៀត

8. ចំណែក​គេ មាន​តែ​ដៃ​ខាង​សាច់​ឈាម​ប៉ុណ្ណោះ តែ​ខាង​យើង​វិញ មាន​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សំរាប់​នឹង​ជួយ ហើយ​ធ្វើ​ចំបាំង​ជំនួស​យើង ពួក​បណ្តា‌ជន​ក៏​ផ្អែក​ចិត្ត​ទៅ​លើ​ព្រះ‌បន្ទូល​នៃ​ហេសេគា ជា​ស្តេច​យូដា។

9. ក្រោយ​នោះ​មក​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ​ទ្រង់​ចាត់​រាជ‌ទូត ទៅ​ឯ​ក្រុង​យេរូ‌សាឡិម (ចំណែក​ឯ​ទ្រង់ និង​ពល‌ទ័ព​ទាំង​អស់​របស់​ទ្រង់ ក៏​នៅ​មុខ​ក្រុង​ឡាគីស) រាជ‌ទូត​នោះ​ក៏​មក​ឯ​ហេសេគា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និយាយ​ថា

10. សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា តើ​ឯង​រាល់​គ្នា​ទុក​ចិត្ត​អាង​ដល់​អ្វី បាន​ជា​ចេះ​តែ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​នេះ ចង់​ឲ្យ​យើង​មក​ឡោម‌ព័ទ្ធ​ឯង​ដូច្នេះ

11. តើ​ហេសេគា​មិន​បញ្ចុះ‌បញ្ចូល​ឯង​រាល់​គ្នា ដើម្បី​តែ​នឹង​ប្រគល់​ឯង​ឲ្យ​ត្រូវ​ស្លាប់ ដោយ​អត់​បាយ អត់​ទឹក​ទេ​ឬ​អី ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ

12. តើ​មិន​មែន​ហេសេគា​នេះ​ឯង ដែល​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ និង​អាស‌នា​របស់​ព្រះ​នោះ​ទេ​ឬ​អី ហើយ​ក៏​បាន​បង្គាប់​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាស‌នា​១​នេះ​តែ​ប៉ុណ្ណោះ ព្រម​ទាំង​ដុត​កំញាន​នៅ​លើ​នោះ​ផង

13. ឯង​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​អី ពី​ការ​ដែល​អញ និង​បិតា​អញ​បាន​ធ្វើ ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ស្រុក​ឯ​ទៀត​ទាំង​ប៉ុន្មាន ឯ​ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​ដទៃ ដែល​នៅ​គ្រប់​ស្រុក​ទាំង​នោះ តើ​អាច​នឹង​ជួយ​ស្រុក​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​អញ​បាន​ឬ​ទេ

14. តើ​មាន​ព្រះ​ណា​មួយ​ក្នុង​ពួក​ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បិតា​អញ​បាន​បំផ្លាញ​អស់​រលីង​នោះ បាន​អាច​នឹង​ជួយ​សាសន៍​គេ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ឬ បាន​ជា​ព្រះ​របស់​ឯង​រាល់​គ្នា​នឹង​ជួយ​ឯង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​ទៅ​បាន

15. ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។

16. ពួក​រាជ‌ទូត​របស់​ស្តេច​នោះ ក៏​ប្រមាថ​មើល‌ងាយ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ និង​ហេសេគា ជា​អ្នក​បំរើ​ទ្រង់​ជា​ច្រើន​ត​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 32