18. មានបណ្តាជនយ៉ាងសន្ធឹកក្នុងពួកអេប្រាអិម ពួកម៉ាន៉ាសេ ពួកអ៊ីសាខារ និងពួកសាប់យូល៉ូន ដែលមិនបានសំអាតខ្លួនទេ ប៉ុន្តែគេបានបរិភោគបុណ្យរំលងនោះដែរ ខុសនឹងរបៀបដែលចែងទុកមក ប៉ុន្តែហេសេគាទ្រង់អធិស្ឋានឲ្យគេថា
19. សូមព្រះយេហូវ៉ាដ៏ប្រកបដោយករុណាគុណ ទ្រង់អត់ទោសដល់អស់អ្នកណាដែលតាំងចិត្តស្វែងរកព្រះ គឺជាព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ ទោះបើមិនបានសំអាតខ្លួន តាមរបៀបនៃទីបរិសុទ្ធក៏ដោយ
20. ព្រះយេហូវ៉ាក៏ស្តាប់តាមហេសេគាទ្រង់ប្រោសឲ្យគេបានជា
21. ពួកកូនចៅអ៊ីស្រាអែលដែលបានមកឯក្រុងយេរូសាឡិម គេធ្វើបុណ្យនំបុ័ងឥតដំបែនោះអស់៧ថ្ងៃ ដោយសេចក្ដីរីករាយជាខ្លាំង ហើយពួកលេវី និងពួកសង្ឃ ក៏ច្រៀងសរសើរថ្វាយព្រះយេហូវ៉ា រាល់ៗថ្ងៃ ផ្សំដោយភ្លេងមានសូរយ៉ាងខ្លាំង ថ្វាយព្រះយេហូវ៉ា
22. ឯហេសេគាទ្រង់ក៏មានព្រះបន្ទូលព្រលួងព្រលោមចិត្តនៃពួកលេវីទាំងប៉ុន្មាន ដែលមានចំណេះចេះស្ទាត់ក្នុងការងារនៃព្រះយេហូវ៉ា យ៉ាងនោះគេបានបរិភោគគ្រប់ទាំង៧ថ្ងៃនៃបុណ្យនោះ ហើយបានថ្វាយយញ្ញបូជាទុកជាដង្វាយមេត្រី ព្រមទាំងលន់តួដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ។
23. ពួកជំនុំទាំងអស់គ្នាក៏ប្រឹក្សា សំរេចនឹងធ្វើបុណ្យនោះ៧ថ្ងៃទៀត ដូច្នេះ គេក៏ធ្វើ៧ថ្ងៃទៀត ដោយរីករាយសប្បាយ
24. ដ្បិតហេសេគា ជាស្តេចយូដា ទ្រង់បានប្រទានគោ១ពាន់ និងចៀម៧ពាន់ ដល់ពួកជំនុំសំរាប់ជាដង្វាយ ហើយពួកអ្នកជាប្រធានក៏ឲ្យគោ១ពាន់ និងចៀម១ម៉ឺនដល់គេដែរ ក៏មានពួកសង្ឃជាច្រើនបានញែកខ្លួនជាបរិសុទ្ធ
25. នោះជំនុំទាំងមូលនៃពួកយូដា ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយពួកជំនុំទាំងប៉ុន្មាន ដែលមកពីស្រុកអ៊ីស្រាអែល និងពួកអ្នកដែលបានចេញពីស្រុកអ៊ីស្រាអែល មកតាំងទីលំនៅ ក្នុងស្រុកយូដា គេក៏នាំគ្នាអរសប្បាយឡើង
26. ដូច្នេះ មានសេចក្ដីអំណរជាខ្លាំង នៅក្នុងក្រុងយេរូសាឡិម ដ្បិតចាប់តាំងពីគ្រាសាឡូម៉ូន បុត្រដាវីឌ ជាស្តេចអ៊ីស្រាអែលមក នោះមិនដែលមានការយ៉ាងនោះ នៅក្នុងក្រុងយេរូសាឡិមឡើយ
27. រួចមកពួកសង្ឃ និងពួកលេវី ក៏ក្រោកឡើងឲ្យពរដល់ជនទាំងឡាយ ឯសេចក្ដីអធិស្ឋានរបស់គេ ក៏ឡើងទៅដល់ទីលំនៅបរិសុទ្ធរបស់ព្រះ គឺដល់ស្ថានសួគ៌តែម្តង ហើយទ្រង់ក៏ទទួលស្តាប់តាម។