គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 30:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គេ​ក៏​ឈរ​នៅ​កន្លែង​របស់​គេ តាម​របៀប តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ គឺ​ពួក​សង្ឃ​គេ​ទទួល​ឈាម ពី​ដៃ​ពួក​លេវី​យក​ទៅ​ប្រោះ

17. ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ជំនុំ​នោះ​ដែល​មិន​ទាន់​ញែក​ខ្លួន​ជា​បរិសុទ្ធ​នៅ​ឡើយ ដូច្នេះ ពួក​លេវី​ត្រូវ​ត្រួត​លើ​ការ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង ឲ្យ​អស់​អ្នក​ណា​ដែល​មិន​ស្អាត ដើម្បី​នឹង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា

18. មាន​បណ្តា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រា‌អិម ពួក​ម៉ាន៉ាសេ ពួក​អ៊ីសាខារ និង​ពួក​សាប់‌យូ‌ល៉ូន ដែល​មិន​បាន​សំអាត​ខ្លួន​ទេ ប៉ុន្តែ​គេ​បាន​បរិភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ​ហេសេគា​ទ្រង់​អធិ‌ស្ឋាន​ឲ្យ​គេ​ថា

19. សូម​ព្រះ‌យេហូវ៉ា​ដ៏​ប្រកប​ដោយ​ករុណា​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទោះ​បើ​មិន​បាន​សំអាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ

20. ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ហេសេគា​ទ្រង់​ប្រោស​ឲ្យ​គេ​បាន​ជា

21. ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​៧​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា រាល់ៗ​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា

22. ឯ​ហេសេគា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ព្រលួង‌ព្រលោម​ចិត្ត​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​មាន​ចំណេះ​ចេះ​ស្ទាត់​ក្នុង​ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា យ៉ាង​នោះ​គេ​បាន​បរិភោគ​គ្រប់​ទាំង​៧​ថ្ងៃ​នៃ​បុណ្យ​នោះ ហើយ​បាន​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី ព្រម​ទាំង​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ។

23. ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ប្រឹក្សា សំរេច​នឹង​ធ្វើ​បុណ្យ​នោះ​៧​ថ្ងៃ​ទៀត ដូច្នេះ គេ​ក៏​ធ្វើ​៧​ថ្ងៃ​ទៀត ដោយ​រីក‌រាយ​សប្បាយ

24. ដ្បិត​ហេសេគា ជា​ស្តេច​យូដា ទ្រង់​បាន​ប្រទាន​គោ​១​ពាន់ និង​ចៀម​៧​ពាន់ ដល់​ពួក​ជំនុំ​សំរាប់​ជា​ដង្វាយ ហើយ​ពួក​អ្នក​ជា​ប្រធាន​ក៏​ឲ្យ​គោ​១​ពាន់ និង​ចៀម​១​ម៉ឺន​ដល់​គេ​ដែរ ក៏​មាន​ពួក​សង្ឃ​ជា​ច្រើន​បាន​ញែក​ខ្លួន​ជា​បរិសុទ្ធ

25. នោះ​ជំនុំ​ទាំង​មូល​នៃ​ពួក​យូដា ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី ហើយ​ពួក​ជំនុំ​ទាំង​ប៉ុន្មាន ដែល​មក​ពី​ស្រុក​អ៊ីស្រា‌អែល និង​ពួក​អ្នក​ដែល​បាន​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល មក​តាំង​ទី​លំនៅ ក្នុង​ស្រុក​យូដា គេ​ក៏​នាំ​គ្នា​អរ​សប្បាយ​ឡើង

26. ដូច្នេះ មាន​សេចក្ដី​អំណរ​ជា​ខ្លាំង នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដ្បិត​ចាប់​តាំង​ពី​គ្រា​សាឡូ‌ម៉ូន បុត្រ​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល​មក នោះ​មិន​ដែល​មាន​ការ​យ៉ាង​នោះ នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម​ឡើយ

27. រួច​មក​ពួក​សង្ឃ និង​ពួក​លេវី ក៏​ក្រោក​ឡើង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ ឯ​សេចក្ដី​អធិ‌ស្ឋាន​របស់​គេ ក៏​ឡើង​ទៅ​ដល់​ទី​លំនៅ​បរិសុទ្ធ​របស់​ព្រះ គឺ​ដល់​ស្ថាន​សួគ៌​តែ​ម្តង ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 30