គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ដ្បិត​បិតា​ទាំង‌ឡាយ​របស់​យើង​រាល់​គ្នា​បាន​រំលង ដោយ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ព្រម​ទាំង​បោះ‌បង់​ចោល​ទ្រង់ ហើយ​ងាក​មុខ​ចេញ​ពី​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា បែរ​ខ្នង​ទៅ​ឲ្យ​វិញ

7. គេ​បាន​ទាំង​បិទ​ទ្វារ​ទី​បាំង‌សាច ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​ដង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

8. ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ និង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់

9. ដ្បិត​មើល ដោយ​ហេតុ​នោះ បាន​ជា​ពួក​ឪពុក​យើង​រាល់​គ្នា​បាន​ដួល​ដោយ​ដាវ កូន​ប្រុស កូន​ស្រី និង​ប្រពន្ធ​យើង​រាល់​គ្នា​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

10. ឥឡូវ​នេះ យើង​មាន​ចិត្ត​ចង់​តាំង​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ

11. ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។

12. នោះ​ពួក​លេវី​ក៏​ប្រុង‌ប្រៀប​ខ្លួន គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ម៉ាហាត ជា​កូន​អ័ម៉ា‌សាយ និង​យ៉ូអែល ជា​កូន​អ័សារា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​គីស ជា​កូន​អាប់ឌី និង​អ័សារា ជា​កូន​យេហា‌លែល ហើយ​ក្នុង​ពួក​គើសុន​មាន​យ៉ូអា ជា​កូន​ស៊ីម៉្មា និង​អេដែន ជា​កូន​យ៉ូអា

13. ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី និង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាការី និង​ម៉ាថានា

14. ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល និង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូថិន មាន​សេម៉ាយ៉ា និង​អ៊ូស៊ាល

15. អ្នក​ទាំង​នោះ​ក៏​ប្រមូល​ពួក​បង​ប្អូន​គេ ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​ចូល​ទៅ​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ស្តេច

16. ពួក​សង្ឃ​គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ប៉ែក​ខាង​ក្នុង ដើម្បី​នឹង​សំអាត​ទី​នោះ ក៏​នាំ​យក​របស់​ស្មោក‌គ្រោក​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​មក​ឯ​ទីលាន​ព្រះ‌វិហារ រួច​ពួក​លេវី​នាំ​គ្នា​ជញ្ជូន​ពី​ទី​នោះ យក​ទៅ​ចោល​នៅ​ត្រង់​ជ្រោះ​កេដ្រុន

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29