គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 29:14-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ក្នុង​ពួក​កូន​ចៅ​ហេម៉ាន មាន​យីអែល និង​ស៊ីម៉ាយ ក្នុង​ពួក​កូន​ចៅ​យេឌូថិន មាន​សេម៉ាយ៉ា និង​អ៊ូស៊ាល

15. អ្នក​ទាំង​នោះ​ក៏​ប្រមូល​ពួក​បង​ប្អូន​គេ ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​ចូល​ទៅ​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ស្តេច

16. ពួក​សង្ឃ​គេ​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ប៉ែក​ខាង​ក្នុង ដើម្បី​នឹង​សំអាត​ទី​នោះ ក៏​នាំ​យក​របស់​ស្មោក‌គ្រោក​ទាំង​អស់ ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​មក​ឯ​ទីលាន​ព្រះ‌វិហារ រួច​ពួក​លេវី​នាំ​គ្នា​ជញ្ជូន​ពី​ទី​នោះ យក​ទៅ​ចោល​នៅ​ត្រង់​ជ្រោះ​កេដ្រុន

17. គេ​ចាប់​តាំង​ញែក​ជា​បរិសុទ្ធ នៅ​ថ្ងៃ​ដំបូង​ខែ​ចេត្រ ហើយ​ដល់​ថ្ងៃ​ទី​៨​ក្នុង​ខែ​នោះ គេ​បាន​សំអាត​មក​ដល់​ទី​បាំង‌សាច​ផង​ព្រះ‌យេហូវ៉ា ដូច្នេះ គេ​បាន​ញែក​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចេញ​ជា​បរិសុទ្ធ ក្នុង​រវាង​៨​ថ្ងៃ លុះ​ដល់​ថ្ងៃ​១៦​ខែ​នោះ​ឯង គេ​បាន​ធ្វើ​ការ​ទាំង​អស់​រួច​ជា​ស្រេច

18. រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក និង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង

19. មួយ​ទៀត អស់​ទាំង​គ្រឿង​ប្រដាប់ ដែល​ស្តេច​អ័ហាស​បាន​ចោល​ចេញ​ក្នុង​រាជ្យ​ទ្រង់ នៅ​វេលា​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​ល្មើស នោះ​យើង​ខ្ញុំ​បាន​ចាត់‌ចែង ហើយ​ញែក​ជា​បរិសុទ្ធ​រួច​ជា​ស្រេច មើល របស់​ទាំង​នោះ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា​ស្រាប់។

20. ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ ២ របាក្សត្រ 29