គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:5-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្តា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទីលាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​វិញ

6. កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7. ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សំឡាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។

8. ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ​គ្រប់​ជំពូក គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សំរាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ដ្បិត​យេហូ‌យ៉ាដា ដ៏​ជា​សង្ឃ លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

9. លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ស្តេច​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព

10. រួច​លោក​ដាក់​មនុស្ស​ទាំង​អស់​ឲ្យ​ឈរ​ព័ទ្ធ​នៅ​ជុំវិញ​ស្តេច ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ទៅ​ដល់​ខាង​ឆ្វេង ក្បែរ​អាស‌នា និង​ព្រះ‌វិហារ

11. នោះ​គេ​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​បន្ទាល់ រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ាដា និង​ពួក​កូន​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា សូម​ឲ្យ​ព្រះ‌រាជា​បាន​ប្រកប ដោយ​សេចក្ដី​ចំរើន​ចុះ។

12. លុះ​កាល​ព្រះ‌នាង​អ័ថា‌លា បាន​ឮ​សូរ​អឺង‌កង​ពី​ពួក​បណ្តា‌ជន ដែល​រត់​ទៅ​មក​ទាំង​សរសើរ​ដល់​ស្តេច នោះ​ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ឯ​គេ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. ព្រះ‌នាង​ទត​ទៅ ឃើញ​ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​សេចក្ដី​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង ពួក​ចំរៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ នោះ​ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ

14. ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​នាំ​ពួក​មេ ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ចោល​ចេញ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

15. ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23