គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 23:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. លុះ​កាល​ព្រះ‌នាង​អ័ថា‌លា បាន​ឮ​សូរ​អឺង‌កង​ពី​ពួក​បណ្តា‌ជន ដែល​រត់​ទៅ​មក​ទាំង​សរសើរ​ដល់​ស្តេច នោះ​ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ឯ​គេ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. ព្រះ‌នាង​ទត​ទៅ ឃើញ​ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​សេចក្ដី​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង ពួក​ចំរៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ នោះ​ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ

14. ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​នាំ​ពួក​មេ ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សំឡាប់​គេ​ចោល​ចេញ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​សំឡាប់​ព្រះ‌នាង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

15. ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

16. រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក និង​ពួក​បណ្តា‌ជន ហើយ​នឹង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា

17. បន្ទាប់​មក បណ្តា‌ជន​ទាំង‌ឡាយ​គេ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះ‌បាល​អស់​ទៅ ហើយ​បំបាក់​បំបែក​អស់​ទាំង​អាស‌នា និង​រូប​ព្រះ​ឲ្យ​ខ្ទេច‌ខ្ទី ក៏​សំឡាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​មុខ​អាស‌នា​នោះ​ដែរ

18. យេហូ‌យ៉ាដា លោក​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​នៃ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​ដាវីឌ​បាន​ដំរូវ​ឲ្យ​មាន​ដំណែង ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សំរាប់​នឹង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចំរៀង តាម​បង្គាប់​ដាវីឌ

19. លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ

20. រួច​មក លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្តា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាលម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ

សូមអានជំពូកពេញលេញ ២ របាក្សត្រ 23