គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20:28-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

28. គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង

29. កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា

30. ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។

31. ឯ​យ៉ូសា‌ផាត​ទ្រង់​បាន​សោយ‌រាជ្យ នៅ​ស្រុក​យូដា​កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ស៊ូបា ជា​បុត្រី​ស៊ីល‌ហ៊ី

32. ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

33. ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្តា‌ជន ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​ពួក​អយ្យកោ​គេ​នៅ​ឡើយ​ដែរ

34. រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

35. ក្រោយ​នោះ​មក យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា​មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់

36. ទ្រង់​ចូល​ហ៊ុន​គ្នា ដើម្បី​នឹង​ធ្វើ​នាវា​ទៅ​ឯ​ស្រុក​តើស៊ីស គេ​ក៏​ធ្វើ​នាវា​ទាំង​នោះ​នៅ​ត្រង់​ក្រុង​អេស៊ាន-គេប៊ើរ

37. គ្រា​នោះ អេលា‌ស៊ើរ ជា​កូន​ដូដាវ៉ា អ្នក​ស្រុក​ម៉ារីសា លោក​ទាយ​ទាស់​នឹង​យ៉ូសា‌ផាត​ថា ដោយ​ព្រោះ​ព្រះ‌ករុណា​បាន​ចូល​ហ៊ុន​នឹង​អ័ហា‌ស៊ីយ៉ា នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​ការ ដែល​ព្រះ‌ករុណា​បាន​ធ្វើ​នេះ​ទាំង​អស់​ចេញ ឯ​នាវា​នោះ​ក៏​ត្រូវ​បាក់​បែក​ទៅ នឹង​ទៅ​ស្រុក​តើស៊ីស​មិន​បាន​ឡើយ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 20