គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 20:25-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. រួច​កាល​យ៉ូសា‌ផាត និង​ពល‌ទ័ព​របស់​ទ្រង់​បាន​ទៅ​ដល់ ដើម្បី​យក​របឹប នោះ​ក៏​ឃើញ​មាន​ទាំង​របស់​ទ្រព្យ សំលៀក‌បំពាក់ និង​ប្រដាប់​មាន​ដំឡៃ​យ៉ាង​សន្ធឹក ហើយ​នាំ​គ្នា​ដោះ​ចេញ​ទុក​សំរាប់​ខ្លួន លើស​ពី​កំឡាំង​នឹង​យក​ទៅ​បាន មាន​របឹប​ជា​ច្រើន ដល់​ម៉្លេះ​បាន​ជា​គេ​ប្រមូល​យក​អស់​រវាង​៣​ថ្ងៃ​ទើប​ហើយ

26. នៅ​ថ្ងៃ​ទី​៤​គេ​ប្រជុំ​គ្នា នៅ​ច្រក​ភ្នំ​បេរ៉ាកា គឺ​ដោយ​ព្រោះ​នៅ​ទី​នោះ​គេ​បាន​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ បាន​ជា​គេ​ហៅ​ទី​នោះ​ថា ច្រក​ភ្នំ​បេរ៉ាកា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

27. រួច​មក​ពួក​យូដា និង​អស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​មាន​ទាំង​យ៉ូសា‌ផាត​យាង​នាំ​មុខ​គេ ក៏​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ ដោយ​អំណរ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តាល​ឲ្យ​គេ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ពី​ដំណើរ​ពួក​ខ្មាំង​សត្រូវ​របស់​គេ

28. គេ​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម ដោយ​លេង​ពិណ ស៊ុង ហើយ​ផ្លុំ​ត្រែ​ផង

29. កាល​ពួក​នគរ​ដែល​នៅ​អស់​ទាំង​ស្រុក​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ច្បាំង​នឹង​ពួក​ខ្មាំង​សត្រូវ​របស់​អ៊ីស្រា‌អែល​ដូច្នោះ នោះ​គេ​ក៏​កើត​មាន​សេចក្ដី​ស្ញែង‌ខ្លាច​ដល់​ព្រះ​ទាំង​អស់​គ្នា

30. ដូច្នេះ នគរ​របស់​យ៉ូសា‌ផាត​បាន​សុខ‌សាន្ត ពី​ព្រោះ​ព្រះ​នៃ​ទ្រង់​បាន​ប្រោស​ប្រទាន ឲ្យ​ទ្រង់​មាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ព័ទ្ធ​ជុំវិញ។

31. ឯ​យ៉ូសា‌ផាត​ទ្រង់​បាន​សោយ‌រាជ្យ នៅ​ស្រុក​យូដា​កាល​ទ្រង់​ចាប់​តាំង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​៣៥​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​បាន​២៥​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា អ័ស៊ូបា ជា​បុត្រី​ស៊ីល‌ហ៊ី

32. ទ្រង់​ដើរ​តាម​ផ្លូវ​របស់​អេសា ជា​ព្រះ‌បិតា​ទ្រង់ ឥត​ងាក​បែរ​ចេញ​ឡើយ ក៏​ប្រព្រឹត្ត​អំពើ​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

33. ប៉ុន្តែ​មិន​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់​ចេញ​ឡើយ ហើយ​ពួក​បណ្តា‌ជន ក៏​មិន​ទាន់​បាន​តាំង​ចិត្ត​ដល់​ព្រះ​នៃ​ពួក​អយ្យកោ​គេ​នៅ​ឡើយ​ដែរ

34. រីឯ​ដំណើរ​ទាំង​ប៉ុន្មាន​ឯ​ទៀត​ពី​យ៉ូសា‌ផាត ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សេចក្ដី​បរិយាយ ដែល​យេហ៊ូវ ជា​កូន​ហាណានី បាន​តែង ដែល​គេ​បាន​កត់​បញ្ចូល ក្នុង​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ។

35. ក្រោយ​នោះ​មក យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​ក៏​ចូល​ហ៊ុន​ជា​មួយ​នឹង​អ័ហា‌ស៊ីយ៉ា ស្តេច​អ៊ីស្រា‌អែល ដែល​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់

សូមអានជំពូកពេញលេញ ២ របាក្សត្រ 20