គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 2:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ក៏​ធ្វើ​សារ​ផ្ញើ​មក​ឆ្លើយ​តប​នឹង​សាឡូ‌ម៉ូន​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្រឡាញ់​រាស្ត្រ​របស់​ទ្រង់ បាន​ជា​តាំង​ព្រះ‌ករុណា​ឡើង ជា​ស្តេច​លើ​គេ

12. ក្នុង​សារ​នោះ​ហ៊ីរ៉ាម​មាន​ព្រះ‌បន្ទូល​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ទ្រង់​បាន​ព្រះ‌ពរ គឺ​ជា​ព្រះ​ដែល​បាន​ប្រទាន ឲ្យ​ស្តេច​ដាវីឌ​មាន​ព្រះ‌រាជ‌បុត្រា​ប្រកប​ដោយ​ប្រាជ្ញា ដំរិះ និង​យោបល់ អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​សំរាប់​នគរ​ទ្រង់

13. ឥឡូវ​ទូល‌បង្គំ​បាន​ឲ្យ​ជាង​ជំនាញ​ការ​ម្នាក់​ឈ្មោះ​ហ៊ីរ៉ាម ជា​ជាង​របស់​បិតា​ទូល‌បង្គំ ជា​អ្នក​ប្រកប​ដោយ​យោបល់​មក

14. គឺ​ជា​កូន​របស់​ស្រី​ស្រុក​ដាន់​ម្នាក់ ដែល​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស អ្នក​នេះ​ជា​អ្នក​ជំនាញ​ក្នុង​ការ​ធ្វើ​មាស ប្រាក់ លង្ហិន ដែក ថ្ម ឈើ និង​សំពត់​ពណ៌​ស្វាយ ពណ៌​ខៀវ សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត ហើយ​នឹង​សំពត់​ពណ៌​ក្រហម ក៏​ចេះ​ឆ្លាក់​ចំឡាក់​គ្រប់​ជំពូក ហើយ​ចេះ​បង្កើត​របស់​គ្រប់​យ៉ាង​ដែរ ដើម្បី​ឲ្យ​បាន​ធ្វើ​ការ ជា​មួយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ទ្រង់ ហើយ​នឹង​ពួក​ជាង​យ៉ាង​ជំនាញ​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់ ដែល​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​ផង

15. រីឯ​ស្រូវ​ភោជ្ជ‌សាលី ស្រូវ​ឱក ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​ព្រះ‌បន្ទូល​នោះ សូម​បញ្ជូន​មក​ឲ្យ​ពួក​ខាង​ទូល‌បង្គំ​ចុះ

16. នោះ​ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុបប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ចុះ។

17. ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​រាប់​ពួក​សាសន៍​ដទៃ ដែល​ស្នាក់​នៅ​ស្រុក​អ៊ីស្រា‌អែល​ទាំង​អស់ តាម​បញ្ជី​ដែល​ដាវីឌ​ជា​ព្រះ‌បិតា បាន​រាប់​កំណត់​ទុក ឃើញ​មាន​ចំនួន​១​សែន​៥​ម៉ឺន​៣​ពាន់​៦​រយ​នាក់

18. ទ្រង់​ក៏​ដាក់​ឲ្យ​៧​ម៉ឺន​នាក់​ធ្វើ​ការ​លី‌សែង ៨​ម៉ឺន​នាក់​ឲ្យ​កាប់​ឈើ​នៅ​ភ្នំ ហើយ​៣​ពាន់​៦​រយ​នាក់ ឲ្យ​ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​ការ។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 2