4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវ ដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
5. ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
6. ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7. បេត-ស៊ើរ សូគរ អាឌូឡាម
8. កាថ ម៉ារីសា ស៊ីភ
9. អាដូរែម ឡាគីស អាសេកា
10. សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់
11. ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង
12. ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល និងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា និងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13. ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់
14. ពួកលេវីគេលះចោលទីលំនៅ និងកេរអាកររបស់គេ មូលមកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម និងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
15. ហើយក៏តាំងពួកអ្នកដទៃឡើងជាសង្ឃវិញសំរាប់អស់ទាំងទីខ្ពស់ រូបពពែឈ្មោល និងកូនគោ ដែលទ្រង់បានធ្វើ
16. ឯពួកអ្នកនៅអស់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល គឺជាអ្នកដែលតាំងចិត្តរកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល នោះក៏តាមពួកលេវីនោះ មកឯក្រុងយេរូសាឡិម ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ
17. យ៉ាងនោះគេបានចំរើនកំឡាំងដល់រាជ្យយូដា ក៏បានធ្វើឲ្យរេហូបោម ជាបុត្រសាឡូម៉ូនមានកំឡាំងនៅអស់៣ឆ្នាំ ដ្បិតក្នុងរវាង៣ឆ្នាំនោះ គេបានប្រព្រឹត្តតាមផ្លូវរបស់ដាវីឌ និងសាឡូម៉ូន។
18. ឯរេហូបោមទ្រង់យកភរិយា គឺនាងម៉ាហាឡាត់ជាបុត្រីនៃយេរីម៉ូតពូជពង្សដាវីឌ និងនៃអ័ប៊ីហែល ជាបុត្រីអេលាប ដែលជាបុត្រអ៊ីសាយ
19. ព្រះនាងនោះបង្កើតបានបុត្រាថ្វាយទ្រង់ គឺយេអ៊ូស សេម៉ារីយ៉ា និងសាហាំ
20. បន្ទាប់នឹងនាងនោះ ទ្រង់ក៏យកនាងម្អាកា ជាបុត្រីអាប់សាឡំម នាងនោះបង្កើតអ័ប៊ីយ៉ា អ័ថាយ ស៊ីសា និងសឡូមិតថ្វាយទ្រង់
21. រេហូបោមទ្រង់ស្រឡាញ់នាងម្អាកា ជាបុត្រីអាប់សាឡំម លើសជាងអស់ទាំងភរិយា និងពួកអ្នកម្នាងរបស់ទ្រង់ (ដ្បិតទ្រង់បានយកភរិយា១៨ និងអ្នកម្នាង៦០ ក៏បង្កើតបានបុត្រា២៨អង្គ និងបុត្រី៦០អង្គ)