25. នោះយេហ៊ូវបង្គាប់ទៅប៊ីឌការ ជាមេទ័ពលោកថា ចូរលើកវាបោះចោលទៅក្នុងតំបន់ របស់ចំការណាបោត ជាអ្នកស្រុកយេសរាលទៅ ដ្បិតត្រូវឲ្យនឹកចាំពីកាលដែលខ្ញុំ និងអ្នកបានជិះសេះទៅតាមអ័ហាប់ជាបិតាវា នោះព្រះយេហូវ៉ាបានមានព្រះបន្ទូលសេចក្តីនេះចំលើរូបវាថា
26. ប្រាកដមែន ម្សិលមិញ អញបានឃើញឈាមរបស់ណាបោត និងឈាមរបស់កូនប្រុសវា ដូច្នេះ អញនឹងសងឯងនៅក្នុងចំការនេះឯង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដូច្នេះចូរលើកវាបោះចោលទៅក្នុងចំការនេះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ។
27. កាលអ័ហាស៊ីយ៉ា ជាស្តេចយូដា បានឃើញការដូច្នោះ នោះទ្រង់ក៏រត់ទៅតាមច្បារ តែយេហ៊ូវដេញតាមដោយបង្គាប់គេថា ចូរវាយសំឡាប់វានៅលើរទេះតែម្តងទៅ ដូច្នេះ គេក៏វាយទ្រង់ត្រង់ផ្លូវឡើងទៅឯគើរ ជិតក្រុងយីបលាម តែទ្រង់រត់ទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ
28. ពួកអ្នកបំរើទ្រង់ ក៏ដឹកនាំសពទៅឯក្រុងយេរូសាឡិម បញ្ចុះក្នុងផ្នូររបស់ទ្រង់ នៅជាមួយនឹងពួកអយ្យកោទ្រង់ ក្នុងក្រុងដាវីឌទៅ។
29. ឯអ័ហាស៊ីយ៉ាបានចាប់តាំងសោយរាជ្យលើស្រុកយូដា ក្នុងឆ្នាំទី១១ នៃរាជ្យយ៉ូរ៉ាមជាបុត្រអ័ហាប់។
30. កាលយេហ៊ូវបានទៅដល់យេសរាលហើយ នោះយេសិបិលក៏ឮ ហើយព្រះនាងក៏ផាត់រង្វង់ភ្នែក នឹងតែងព្រះកេសា រួចទតមើលតាមបង្អួចមក
31. កាលយេហ៊ូវកំពុងតែចូលតាមទ្វាររបង នោះយេសិបិលស្រែកសួរថា តើមានសេចក្តីសុខឬអី ស៊ីមរីជាអ្នកសំឡាប់ចៅហ្វាយខ្លួនអើយ
32. នោះលោកក៏ងើបមើលទៅឯបង្អួចសួរថា តើអ្នកណាកាន់ខាងអញ តើមានអ្នកណាឬទេ ខណៈនោះ មានមនុស្សកំរៀវពីរបីនាក់បានអើតមុខមក
33. ដូច្នេះ លោកបង្គាប់គេថា ចូរបោះវាចុះមក នោះគេក៏បោះទំលាក់យេសិបិលចុះមក ហើយឈាមខ្លះក៏ខ្ទាតទៅប្រឡាក់នឹងជញ្ជាំង និងសេះ រួចលោកឲ្យសេះជាន់ឈ្លី
34. កាលលោកបានចូលទៅបរិភោគភោជនាហាររួចហើយ នោះក៏បង្គាប់ថា ចូរទៅមើលស្ត្រីដែលត្រូវបណ្តាសានោះ ហើយកប់វាទៅ ដ្បិតវាជាបុត្រស្តេចដែរ
35. គេក៏ទៅដើម្បីនឹងកប់សព តែរកបានតែលលាដ៏ក្បាល ប្រអប់ជើង និងបាតដៃប៉ុណ្ណោះ
36. ដូច្នេះ គេត្រឡប់មកវិញ ជំរាបដល់លោក ហើយលោកមានប្រសាសន៍ថា នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលទ្រង់មានព្រះបន្ទូល ដោយសារអេលីយ៉ា ជាអ្នកស្រុកធេសប៊ី ជាអ្នកបំរើទ្រង់ថា ឆ្កែនឹងទំពាស៊ីសាច់យេសិបិល នៅតំបន់យេសរាល