គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 9:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. មាន​អ្នក​ចាំ​យាម​ឈរ​លើ​ប៉ម​យេស‌រាល ក៏​ឃើញ​ពួក​យេហ៊ូវ​ដែល​កំពុង​តែ​មក ហើយ​គាត់​ប្រាប់​ថា ខ្ញុំ​ឃើញ​មនុស្ស​១​ពួក​មក យ៉ូរ៉ាម​ក៏​បង្គាប់​ថា ចូរ​ដំរូវ​ទ័ព​សេះ​ម្នាក់​ទ័ព​សេះ​ម្នាក់​ចាត់​ឲ្យ​ទៅ​ជួប​នឹង​គេ​សួរ​ថា តើ​មក​ដោយ​មេត្រី​ឬ

18. ដូច្នេះ​ទ័ព​សេះ​ម្នាក់​នោះ ក៏​ចេញ​ទៅ​ជួប​នឹង​គេ ប្រាប់​ថា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្តី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ អ្នក​ចាំ​យាម​ក៏​ប្រាប់​ថា អ្នក​ដែល​ចាត់​ទៅ​នោះ បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ

19. នោះ​ទ្រង់​ក៏​ចាត់​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ អ្នក​នោះ​បាន​ទៅ​ដល់​គេ​ប្រាប់​ថា ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ដូច្នេះ​ថា តើ​មក​ដោយ​មេត្រី​ឬ តែ​យេហ៊ូវ​ឆ្លើយ​តប​ថា តើ​ឯង​ត្រូវ​ការ​អ្វី​នឹង​សេចក្តី​មេត្រី​នោះ ចូរ​ថយ​ទៅ​ខាង​ក្រោយ​យើង​ទៅ

20. ដូច្នេះ អ្នក​ចាំ​យាម​ប្រាប់​ថា អ្នក​នោះ​បាន​ទៅ​ដល់​គេ​ហើយ តែ​មិន​មក​វិញ​សោះ ឯ​ភាព​ដែល​បរ​រថ នោះ​មើល​ទៅ​ដូច​ជា​យេហ៊ូវ ជា​កូន​នីមស៊ី ដ្បិត​គេ​បរ​មក​យ៉ាង​លឿន​អាក្រក់​ណាស់។

21. នោះ​យ៉ូរ៉ាម​បង្គាប់​ថា ចូរ​រៀប‌ចំ​ឡើង គេ​ក៏​ទឹម​ព្រះ‌រាជ‌រថ​ថ្វាយ​ទ្រង់ រួច​យ៉ូរ៉ាម ជា​ស្តេច​អ៊ីស្រា‌អែល និង​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា ទ្រង់​គង់​នៅ​រថ​១​រៀង​អង្គ ចេញ​ទៅ​ជួប​នឹង​យេហ៊ូវ បាន​ប្រទះ​គ្នា​នៅ​ត្រង់​តំបន់​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល

22. កាល​យ៉ូរ៉ាម​ទ្រង់​ឃើញ​យេហ៊ូវ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា យេហ៊ូវ​អើយ តើ​អ្នក​មក​ដោយ​មេត្រី​ឬ លោក​ឆ្លើយ​តប​ថា កំពុង​ដែល​មាន​សេចក្តី​កំផិត និង​មន្ត‌អាគម​របស់​យេសិ‌បិល ជា​មាតា​ទ្រង់​ជា​ច្រើន​ម៉្លេះ នោះ​តើ​នឹង​មាន​សេចក្តី​មេត្រី​ឯ​ណា​បាន

23. ដូច្នេះ យ៉ូរ៉ាម​ក៏​ញាក់​បង្ហៀរ​រត់​ទៅ ដោយ​ព្រះ‌បន្ទូល​នឹង​អ័ហា‌ស៊ីយ៉ា​ថា អ័ហា‌ស៊ីយ៉ា​អើយ នេះ​ជា​ការ​ក្បត់​ទេ

24. យេហ៊ូវ​ក៏​យឹត​ធ្នូ​ពេញ​កំឡាំង បាញ់​ទៅ​ត្រូវ​ទី​កណ្តាល​ខ្នង​យ៉ូរ៉ាម ព្រួញ​ក៏​ត្រូវ​ត្រង់​បេះ‌ដូង​ទ្រង់ ចេញ​មក​ខាង​ក្រៅ ហើយ​ទ្រង់​ស្រុត​ចុះ នៅ​ក្នុង​ព្រះ‌រាជ‌រថ

25. នោះ​យេហ៊ូវ​បង្គាប់​ទៅ​ប៊ីឌការ ជា​មេ‌ទ័ព​លោក​ថា ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​តំបន់ របស់​ចំការ​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ទៅ ដ្បិត​ត្រូវ​ឲ្យ​នឹក​ចាំ​ពី​កាល​ដែល​ខ្ញុំ និង​អ្នក​បាន​ជិះ​សេះ​ទៅ​តាម​អ័ហាប់​ជា​បិតា​វា នោះ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​សេចក្តី​នេះ​ចំ​លើ​រូប​វា​ថា

26. ប្រាកដ​មែន ម្សិល‌មិញ អញ​បាន​ឃើញ​ឈាម​របស់​ណាបោត និង​ឈាម​របស់​កូន​ប្រុស​វា ដូច្នេះ អញ​នឹង​សង​ឯង​នៅ​ក្នុង​ចំការ​នេះ​ឯង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដូច្នេះ​ចូរ​លើក​វា​បោះ​ចោល​ទៅ​ក្នុង​ចំការ​នេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

27. កាល​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា បាន​ឃើញ​ការ​ដូច្នោះ នោះ​ទ្រង់​ក៏​រត់​ទៅ​តាម​ច្បារ តែ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា ចូរ​វាយ​សំឡាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីបលាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ

28. ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក‌នាំ​សព​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម បញ្ចុះ​ក្នុង​ផ្នូរ​របស់​ទ្រង់ នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ក្រុង​ដាវីឌ​ទៅ។

29. ឯ​អ័ហា‌ស៊ីយ៉ា​បាន​ចាប់​តាំង​សោយ‌រាជ្យ​លើ​ស្រុក​យូដា ក្នុង​ឆ្នាំ​ទី​១១ នៃ​រាជ្យ​យ៉ូរ៉ាម​ជា​បុត្រ​អ័ហាប់។

30. កាល​យេហ៊ូវ​បាន​ទៅ​ដល់​យេស‌រាល​ហើយ នោះ​យេសិ‌បិល​ក៏​ឮ ហើយ​ព្រះ‌នាង​ក៏​ផាត់​រង្វង់​ភ្នែក នឹង​តែង​ព្រះ‌កេសា រួច​ទត​មើល​តាម​បង្អួច​មក

31. កាល​យេហ៊ូវ​កំពុង​តែ​ចូល​តាម​ទ្វារ​របង នោះ​យេសិ‌បិល​ស្រែក​សួរ​ថា តើ​មាន​សេចក្តី​សុខ​ឬ​អី ស៊ីមរី​ជា​អ្នក​សំឡាប់​ចៅ‌ហ្វាយ​ខ្លួន​អើយ

32. នោះ​លោក​ក៏​ងើប​មើល​ទៅ​ឯ​បង្អួច​សួរ​ថា តើ​អ្នក​ណា​កាន់​ខាង​អញ តើ​មាន​អ្នក​ណា​ឬ​ទេ ខណៈ​នោះ មាន​មនុស្ស​កំរៀវ​ពីរ​បី​នាក់​បាន​អើត​មុខ​មក

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 9