គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 9:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ ហោរា​អេលី‌សេ លោក​ហៅ​ម្នាក់​ក្នុង​ពួក​សិស្ស​នៃ​ពួក​ហោរា​មក​ប្រាប់​ថា ចូរ​ក្រវាត់​ចង្កេះ យក​ខួច​ប្រេង​នេះ​កាន់​នៅ​ដៃ ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត​ចុះ

2. កាល​ណា​ទៅ​ដល់​ហើយ ចូរ​រក​យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី ហើយ​ចូល​ទៅ​ហៅ​លោក ឲ្យ​ក្រោក​ពី​កណ្តាល​ពួក​បង​ប្អូន​លោក នាំ​ទៅ​ឯ​បន្ទប់​ខាង​ក្នុង

3. រួច​យក​ខួច​ប្រេង​នេះ​ចាក់​លើ​ក្បាល​លោក ដោយ​ជំរាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង​ជា​ស្តេច ឲ្យ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ហើយ​ចូរ​ឯង​បើក​ទ្វារ​រត់​ទៅ កុំ​ឲ្យ​បង្អង់​ឡើយ

4. ដូច្នេះ មនុស្ស​កំឡោះ ជា​អ្នក​បំរើ​ពួក​ហោរា​នោះ ក៏​ទៅ​ឯ​រ៉ាម៉ូត-កាឡាត​ទៅ

5. កាល​គាត់​ទៅ​ដល់​ហើយ នោះ​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​នៅ​ជា​មួយ​គ្នា គាត់​ក៏​ជំរាប​ថា លោក​មេ‌ទ័ព​អើយ ខ្ញុំ​មាន​ការ​១​ចំពោះ​លោក រួច​យេហ៊ូវ​សួរ​ថា តើ​ចំពោះ​អ្នក​ណា​ក្នុង​ពួក​យើង​នេះ គាត់​ឆ្លើយ​ថា លោក​មេ‌ទ័ព​អើយ គឺ​ចំពោះ​លោក​នេះ​ឯង

6. ដូច្នេះ យេហ៊ូវ​ក៏​ក្រោក​ឡើង ចូល​ទៅ​ក្នុង​ផ្ទះ រួច​អ្នក​នោះ​ចាក់​ប្រេង​លើ​ក្បាល​លោក​ជំរាប​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​របស់​អញ

7. ត្រូវ​ឲ្យ​ប្រហារ​ជំនួស​វង្ស​របស់​អ័ហាប់ ជា​ចៅ‌ហ្វាយ​ឯង​ទៅ ប្រយោជន៍​ឲ្យ​អញ​បាន​សង‌សឹក​នឹង​យេសិ‌បិល ដោយ​ព្រោះ​ឈាម​នៃ​ពួក​ហោរា ជា​អ្នក​បំរើ​អញ និង​ឈាម​នៃ​ពួក​អ្នក​បំរើ​របស់​អញ​ទាំង​អស់​ដែរ

8. ដ្បិត​ជំនួរ​វង្ស​របស់​អ័ហាប់ ត្រូវ​វិនាស​ទៅ​អស់​រលីង ហើយ​អញ​នឹង​កាត់‌កាល់​អស់​ទាំង​កូន​ប្រុសៗ​ពី​អ័ហាប់​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក និង​ពួក​អ្នក​ឥត​ចំណង​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ផង

9. អញ​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​អ័ហាប់​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​នៃ​ប្អាសា ជា​កូន​អ័ហ៊ីយ៉ា​ដែរ

10. ឆ្កែ​នឹង​ទំពា​ស៊ី​យេសិ‌បិល នៅ​តំបន់​១ ក្នុង​ក្រុង​យេស‌រាល ឥត​មាន​អ្នក​ណា​កប់​នាង​ឡើយ រួច​ហើយ​គាត់​ក៏​បើក​ទ្វារ​រត់​ចេញ​ទៅ។

11. បន្ទាប់​នោះ យេហ៊ូវ​ក៏​ចេញ​មក​ឯ​ពួក​មេ‌ទ័ព​របស់​ចៅ‌ហ្វាយ​លោក មាន​ម្នាក់​សួរ​ថា តើ​ស្រួល‌បួល​ទេ​ឬ​មនុស្ស​ចំកួត​នេះ​មក​រក​លោក​ធ្វើ​អី លោក​ឆ្លើយ​ថា លោក​រាល់​គ្នា​ស្គាល់​មនុស្ស​នោះ​នឹង​រឿង​គេ​ហើយ

12. តែ​ពួក​នោះ​ឆ្លើយ​ឡើង​ថា នេះ​ភរ​ទេ សូម​ប្រាប់​យើង​ឲ្យ​ត្រង់​មក លោក​ក៏​ប្រាប់​ថា អ្នក​នោះ​បាន​និយាយ​ប្រាប់​ខ្ញុំ​យ៉ាង​នេះ​មួយៗ​ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ចាក់​ប្រេង​តាំង​ឯង​ឡើង ជា​ស្តេច​លើ​ស្រុក​អ៊ីស្រា‌អែល​ហើយ

13. ដូច្នេះ គេ​ក៏​ប្រញាប់‌ប្រញាល់​នឹង​យក​អាវ​របស់​គេ​រៀង​ខ្លួន ដាក់​ឲ្យ​លោក​អង្គុយ​នៅ​ត្រង់​ក្បាល​ជណ្តើរ​រួច​ផ្លុំ​ត្រែ​ឡើង​ថា យេហ៊ូវ​ជា​ស្តេច​ហើយ។

14. ដូច្នេះ យេហ៊ូវ ជា​កូន​យេហូ‌សា‌ផាត ដែល​ជា​កូន​នីមស៊ី លោក​ក៏​គិត​ក្បត់​នឹង​យ៉ូរ៉ាម (រីឯ​យ៉ូរ៉ាម និង​ពួក​ទ័ព​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គេ​កំពុង​តែ​ការ‌ពារ​រក្សា​ក្រុង​រ៉ាម៉ូត-កាឡាត ដោយ​ព្រោះ​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 9