គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 23:24-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

25. នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

26. ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្តី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡិម​នេះ ដែល​អញ​បាន​រើស និង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។

28. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

29. នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ។

30. ពួក​អ្នក​បំរើ​ទ្រង់ ក៏​ដឹក​សព​ទ្រង់​ក្នុង​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់ រួច​ពួក​អ្នក​ស្រុក គេ​លើក​យ៉ូអា‌ហាស ជា​ព្រះ‌រាជ‌បុត្រា​របស់​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង ជា​ស្តេច​ជំនួស​បិតា។

31. លុះ​កាល​យ៉ូអា‌ហាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​២៣​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣​ខែ ព្រះ‌មាតា​ព្រះ‌នាម​ជា ហាមូ‌ថាល​បុត្រី​យេរេមី ជា​អ្នក​ស្រុក​លិបណា

32. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តាម​គ្រប់​ទាំង​អំពើ ដែល​ពួក​អយ្យកោ​ទ្រង់​បាន​ប្រព្រឹត្ត​ដែរ

33. ឯ​ផារ៉ោន-នេកោ​ក៏​ចាប់​ចង​ទ្រង់ នៅ​ត្រង់​ក្រុង​រីបឡា ក្នុង​ស្រុក​ហាម៉ាត ដើម្បី​មិន​ឲ្យ​ទ្រង់​សោយ‌រាជ្យ នៅ​ក្រុង​យេរូ‌សាឡិម​ទៀត ក៏​ដំរូវ​ឲ្យ​ស្រុក​នោះ​ត្រូវ​បង់​សួយ​ជា​ប្រាក់​១០០​ហាប និង​មាស​១​ហាប

34. រួច​ផារ៉ោន-នេកោ ទ្រង់​លើក​អេលា‌គីម ជា​បុត្រ​យ៉ូសៀស តាំង​ឡើង​ជា​ស្តេច​ជំនួស​យ៉ូសៀស ជា​ព្រះ‌បិតា ហើយ​ផ្លាស់​ព្រះ‌នាម​ទ្រង់​ទៅ​ជា យេហូ‌យ៉ា‌គីម​វិញ ទ្រង់​ក៏​នាំ​យក​យ៉ូអា‌ហាស ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យ៉ូអា‌ហាស​សុគត​នៅ​ស្រុក​នោះ

35. ឯ​យេហូ‌យ៉ា‌គីម ទ្រង់​ថ្វាយ​ប្រាក់ និង​មាស​នោះ ដល់​ផារ៉ោន តែ​ទ្រង់​ទារ​ពន្ធ‌អាករ​ពី​ពួក​អ្នក​ស្រុក ដើម្បី​ឲ្យ​បាន​ប្រាក់​នោះ​ថ្វាយ តាម​បង្គាប់​ផារ៉ោន ទ្រង់​បាន​ទារ​មាស​ប្រាក់​នោះ ពី​ពួក​អ្នក​ស្រុក​គ្រប់​គ្នា​តាម​ពន្ធ​រៀង​ខ្លួន ដើម្បី​នឹង​ថ្វាយ​ដល់​ផារ៉ោន-នេកោ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 23