គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 23:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ហើយ​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់ ក្នុង​ទី​ក្រុង​នៃ​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន ដែល​ពួក​ស្តេច​អ៊ីស្រា‌អែល​បាន​ធ្វើ ជា​ការ​ដែល​នាំ​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្តី​ក្រោធ នោះ​ស្តេច​យ៉ូសៀស ក៏​បំបាត់​ចេញ ព្រម​ទាំង​ធ្វើ​ដល់​ទី​ទាំង​នោះ​តាម​គ្រប់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​ធ្វើ​នៅ​ត្រង់​បេត-អែល​ដែរ

20. ទ្រង់​សំឡាប់​ពួក​សង្ឃ​ទាំង​អស់​នៃ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ស្រុក​នោះ​នៅ​លើ​អាស‌នា ព្រម​ទាំង​ដុត​ឆ្អឹង​ខ្មោច នៅ​លើ​អាស‌នា​នោះ​ផង រួច​ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។

21. ស្តេច​ទ្រង់​បង្គាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដូច​ជា​បាន​ចែង​ទុក​មក​ក្នុង​គម្ពីរ​សញ្ញា​នេះ​ចុះ

22. ពិត​ប្រាកដ​ជា​មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ​ឡើយ ចាប់​តាំង​ពី​គ្រា​ពួក​ចៅ‌ហ្វាយ ជា​អ្នក​ដែល​គ្រប់‌គ្រង​លើ​ពួក​អ៊ីស្រា‌អែល​រហូត​មក​ដល់​គ្រា​ពួក​ស្តេច​អ៊ីស្រា‌អែល និង​ពួក​ស្តេច​យូដា​ទាំង​ប៉ុន្មាន​ផង

23. គឺ​នៅ​ឆ្នាំ​ទី​១៨ នៃ​រាជ្យ​ស្តេច​យ៉ូសៀស​ដែល​គេ​ធ្វើ​បុណ្យ​រំលង​នោះ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ត្រង់​ក្រុង​យេរូ‌សាឡិម។

24. មួយ​ទៀត យ៉ូសៀស​ក៏​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំង​រូប​ឆ្លាក់ និង​ព្រះ​ទាំង​ប៉ុន្មាន ហើយ​គ្រប់​ទាំង​សេចក្តី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ចេញ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សំដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

25. នៅ​មុន​ទ្រង់​នោះ​គ្មាន​ស្តេច​ណា​ឲ្យ​ដូច​ទ្រង់ ដែល​បាន​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹម ហើយ​អស់​ពី​កំឡាំង តាម​គ្រប់​ទាំង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​ឡើយ ហើយ​កាល​ក្រោយ​ទ្រង់​មក ក៏​មិន​ដែល​កើត​មាន​ដែរ។

26. ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​អន់​ថយ ពី​សេចក្តី​ក្រោធ​ដ៏​ជា​ខ្លាំង ដែល​ទ្រង់​កើត​មាន​ដល់​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្តី​ចាក់‌រុក ដែល​ម៉ាន៉ាសេ​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​នោះ​ឡើយ

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ដក​ពួក​យូដា​ពី​មុខ​អញ​ចេញ ដូច​ជា​អញ​បាន​ដក​ពួក​អ៊ីស្រា‌អែល​ចេញ​ដែរ ហើយ​អញ​នឹង​បោះ‌បង់​ចោល​ក្រុង​យេរូ‌សាឡិម​នេះ ដែល​អញ​បាន​រើស និង​ព្រះ‌វិហារ​ដែល​អញ​បាន​ថា ឈ្មោះ​អញ​នឹង​នៅ​ទី​នេះ​នោះ​ផង។

28. រីឯ​ដំណើរ​ឯ​ទៀត​ពី​យ៉ូសៀស និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

29. នៅ​ក្នុង​រាជ្យ​ទ្រង់ នោះ​ផារ៉ោន-នេកោ ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​ឡើង​ទៅ​ច្បាំង​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ ត្រង់​ទន្លេ​អ៊ើប្រាត ឯ​ស្តេច​យ៉ូសៀស​ទ្រង់​ក៏​ចេញ​ទៅ​ស្ទាក់​ផ្លូវ តែ​កាល​ផារ៉ោន-នេកោ​បាន​ឃើញ នោះ​ក៏​សំឡាប់​ទ្រង់​នៅ​ត្រង់​មេគី‌ដោ​ទៅ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 23