គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 11:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​អ័ថា‌លា ព្រះ‌មាតា​នៃ​អ័ហា‌ស៊ីយ៉ា កាល​បាន​ឃើញ​ថា ព្រះ‌រាជ‌បុត្រា​សុគត​ហើយ​ដូច្នោះ នោះ​ព្រះ‌នាង​ក៏​ចាត់‌ចែង​បំផ្លាញ​ជំនួរ​វង្ស​នៃ​ស្តេច​ទាំង​ប៉ុន្មាន​ទៅ

2. តែ​យ៉ូសេបា ជា​បុត្រី​ស្តេច​យ៉ូរ៉ាម ហើយ​ជា​កនិដ្ឋា​របស់​អ័ហា‌ស៊ីយ៉ា នាង​បាន​លួច​យក​យ៉ូអាស ជា​បុត្រា​របស់​អ័ហា‌ស៊ីយ៉ា ចេញ​ពី​ពួក​បុត្រា​របស់​ស្តេច ដែល​ត្រូវ​ស្លាប់​នោះ ព្រម​ទាំង​មេនំ​ផង ទៅ​លាក់​ទុក​ក្នុង​បន្ទប់​ដេក ឲ្យ​រួច​ពី​អ័ថា‌លា មិន​ឲ្យ​ត្រូវ​ស្លាប់

3. បុត្រ​នោះ​ក៏​នៅ​ជា​មួយ​នឹង​នាង លាក់​ទុក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​អស់​៦​ឆ្នាំ ឯ​ព្រះ‌នាង​អ័ថា‌លា បាន​សោយ‌រាជ្យ​លើ​នគរ។

4. លុះ​ដល់​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​នៃ​ស្តេច​នោះ

5. លោក​បង្គាប់​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​យ៉ាង​នេះ គឺ​ពួក​អ្នក​រាល់​គ្នា​១​ភាគ​ក្នុង​៣ ដែល​ចូល​វេន​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​ត្រូវ​ត្រួត​លើ​ការ​ចាំ​យាម រក្សា​នៅ​មន្ទីរ​របស់​ស្តេច

6. ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​មាត់​ទ្វារ​ស៊ើរ ហើយ​១​ភាគ​ក្នុង​៣​ទៀត នៅ​ត្រង់​ទ្វារ​ខាង​ក្រោយ​ទី​នៃ​ពួក​ចាំ​យាម អ្នក​រាល់​គ្នា​ត្រូវ​ចាំ​យាម​រក្សា​ព្រះ‌វិហារ​យ៉ាង​នោះ កុំ​ឲ្យ​អ្នក​ណា​ចូល​ឡើយ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 11