គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 7:2-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ចាប់​តាំង​ពី​ថ្ងៃ​ដែល​ហឹប​បាន​តាំង​នៅ​ត្រង់​គារយ៉ាត់-យារីម នោះ​បាន​យូរ​ណាស់ គឺ​អស់​កំណត់​២០​ឆ្នាំ ហើយ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​នឹក​ស្រណោះ​ដល់​ព្រះ‌យេហូវ៉ា។

3. នៅ​វេលា​នោះ សាំយូ‌អែល​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​អស់​ថា បើ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ​ដោយ​អស់​ពី​ចិត្ត នោះ​ត្រូវ​យក​អស់​ទាំង​ព្រះ​ដទៃ និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ពី​ពួក​អ្នក​រាល់​គ្នា​ចេញ ហើយ​បាញ់​ចិត្ត​ដំរង់​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​តែ​១ នោះ​ទ្រង់​នឹង​ជួយ​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

4. ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ព្រះ​បាល និង​រូប​ព្រះ​ទាំង​ប៉ុន្មាន​ចោល​ចេញ វិល​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​តែ​១​វិញ។

5. សាំយូ‌អែល​ក៏​ប្រាប់​ថា ចូរ​ឲ្យ​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​មីសប៉ា​ចុះ ខ្ញុំ​នឹង​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អ្នក​រាល់​គ្នា

6. គេ​ក៏​ប្រជុំ​គ្នា​នៅ​ត្រង់​មីសប៉ា រួច​ដង​ទឹក​យក​ទៅ​ចាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​តម​នៅ​ថ្ងៃ​នោះ ដោយ​ថា យើង​រាល់​គ្នា​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​សាំយូ‌អែល​ក៏​វិនិច្ឆ័យ​រឿង​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ត្រង់​មីសប៉ា

7. លុះ​ពួក​ភីលីស្ទីន​ឮ​ថា ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រជុំ​គ្នា​នៅ មីសប៉ា​ដូច្នោះ នោះ​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន​ក៏​ឡើង​មក​ទាស់​នឹង​គេ កាល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដឹង នោះ​គេ​ភ័យ​ខ្លាច​នឹង​ពួក​ភីលីស្ទីន

8. ហើយ​ក៏​អង្វរ​សាំយូ‌អែល​ថា សូម​កុំ​ឲ្យ​លោក​ឈប់​លែង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឡើយ ដើម្បី​ឲ្យ​ទ្រង់​ជួយ​សង្គ្រោះ​យើង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន

9. ដូច្នោះ សាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​យល់​ព្រម​តាម

10. កាល​សាំយូ‌អែល​កំពុង​ដែល​ថ្វាយ​ដង្វាយ​ដុត នោះ​ពួក​ភីលីស្ទីន​ចូល​មក​ដល់​ជិត ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ហើយ តែ​នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្គរ‌លាន់ ជា​យ៉ាង​ខ្លាំង​ត្រង់​ពី​លើ​ពួក​ភីលីស្ទីន ឲ្យ​គេ​បាក់​ទ័ព​ខ្ចាត់​ខ្ចាយ​ចេញ ហើយ​គេ​ត្រូវ​ពួក​អ៊ីស្រា‌អែល​កាប់​សំឡាប់

11. ពួក​អ៊ីស្រា‌អែល​ក៏​ចេញ​ពី​មីសប៉ា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ ទាំង​ប្រហារ​ជីវិត​គេ​រហូត​ដល់​បេត-ការ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 7