គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 4:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​សាសន៍​អ៊ីស្រា‌អែល គេ​លើក​គ្នា​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលីស្ទីន បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលីស្ទីន ក៏​បោះ​ទ័ព​នៅ​ត្រង់​អាផែក។

2. ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រា‌អែល​រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់

3. ដូច្នេះ កាល​ពួក​ពល​បាន​ចូល​មក​ក្នុង​ទី​បោះ​ទ័ព​វិញ នោះ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ជំនុំ​គ្នា​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​វាយ​យើង នៅ​ចំពោះ​មុខ​ពួក​ភីលីស្ទីន​ក្នុង​ថ្ងៃ​នេះ​ដូច្នេះ ចូរ​យើង​នាំ​យក​ហឹប​នៃ​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​ឯ​យើង ដើម្បី​ឲ្យ​នៅ​កណ្តាល​ពួក​យើង ហើយ​ជួយ​សង្គ្រោះ​យើង ពី​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ

4. នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ឯ​ស៊ីឡូរ នាំ​យក​ហឹប​នៃ​សេចក្តី​សញ្ញា ផង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ដែល​នៅ​កណ្តាល​ចេរូប៊ីន ពី​ទី​នោះ​មក ឯ​ហុបនី និង​ភីនេ‌ហាស ជា​កូន​អេលី​ទាំង​២ ក៏​នៅ​ទី​នោះ ជា​មួយ​នឹង​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​ដែរ។

5. កាល​ហឹប​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ក្នុង​ទី​បោះ​ទ័ព​ហើយ នោះ​ស្រាប់​តែ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គេ​ស្រែក​ឡើង​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ឮ​ខ្ទរ‌ខ្ទារ​នៅ​ផែនដី

6. លុះ​ពួក​ភីលីស្ទីន​បាន​ឮ​សូរ‌សព្ទ​សំរែក​ដូច្នោះ ក៏​សួរ​គ្នា​ថា តើ​សូរ‌សព្ទ​សំរែក​ជា​ខ្លាំង​ដល់​ម៉្លេះ នៅ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​ហេព្រើរ​ជា​យ៉ាង​ណា​ហ្ន៎ នោះ​ក៏​យល់​ឃើញ​ថា ហឹប​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ទី​បោះ​ទ័ព​ហើយ

7. ដូច្នេះ ពួក​ភីលីស្ទីន​មាន​សេចក្តី​ភ័យ ដោយ​ថា ព្រះ​បាន​យាង​មក​ក្នុង​ទី​បោះ​ទ័ព​គេ​ហើយ រួច​ក៏​ថា វរ‌ហើយ យើង​រាល់​គ្នា ដ្បិត​កាល​ពី​ដើម​មិន​ដែល​មាន​ដូច្នេះ​ឡើយ

8. វរ‌ហើយ យើង​រាល់​គ្នា តើ​មាន​អ្នក​ណា​នឹង​ជួយ​យើង ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ព្រះ​ដ៏​ខ្លាំង​ពូកែ​ទាំង​នេះ គឺ​ព្រះ​ទាំង​ប៉ុន្មាន​នេះ​ហើយ ដែល​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ​នៅ​ទី​រហោ‌ស្ថាន ដោយ​សេចក្តី​វេទនា​គ្រប់​យ៉ាង

9. ឱ​ពួក​ភីលីស្ទីន​អើយ ចូរ​ខំ​ប្រឹង​ឡើង ហើយ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស​ចុះ ដើម្បី​កុំ​ឲ្យ​យើង​ត្រូវ​ធ្លាក់​ទៅ​ជា​បាវ​បំរើ​នៃ​ពួក​ហេព្រើរ ដូច​ជា​គេ​បាន​ធ្វើ​ជា​បាវ‌បំរើ​ដល់​យើង​នោះ​ឡើយ ចូរ​សំរេច​ខ្លួន​ឲ្យ​ពេញ​ជា​មនុស្ស ហើយ​ត​ដៃ​នឹង​គេ​ចុះ

10. ដូច្នេះ ពួក​ភីលីស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់​ដៃ រត់​ទៅ​ឯ​ត្រសាល​វិញ​រៀង​ខ្លួន ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​៣​ម៉ឺន​នាក់

សូមអានជំពូកពេញលេញ ១ សាំយូអែល 4