គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 28:19-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ជា​មួយ​នឹង​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​ទ្រង់ នឹង​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ។

20. ខណៈ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ

21. ដូច្នេះ ស្ត្រី​នោះ​ក៏​មក​ឯ​សូល ឃើញ​ថា​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង នោះ​ក៏​ទូល​ថា មើល ខ្ញុំ​ម្ចាស់ ជា​បាវ​ស្រី​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ម្ចាស់​ផង

22. ដូច្នេះ សូម​ឲ្យ​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់​ជា​អ្នក​បំរើ​ទ្រង់​ឥឡូវ​ចុះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀប​នំបុ័ង​បន្តិច​ថ្វាយ​ទ្រង់​សោយ ដើម្បី​ឲ្យ​មាន​កំឡាំង​ក្នុង​កាល​ដែល​យាង​តាម​ផ្លូវ​ទៅ

23. ទ្រង់​ប្រកែក​ថា ខ្ញុំ​មិន​បរិភោគ​ទេ តែ​ដោយ​ពួក​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ស្ត្រី​នោះ​ចេះ​តែ​ទទូច​អង្វរ បាន​ជា​ទ្រង់​ក៏​ស្តាប់​តាម រួច​ក្រោក​ពី​ដី​ឡើង​ទៅ​គង់​នៅ​លើ​គ្រែ

24. ស្រី​នោះ​មាន​កូន​គោ​១​យ៉ាង​ធាត់ នៅ​ក្នុង​ផ្ទះ គាត់​ក៏​ប្រញឹក‌ប្រញាប់​នឹង​សំឡាប់​គោ​នោះ ហើយ​យក​ម្សៅ​មក ច្របាច់​ដុត​ធ្វើ​ជា​នំបុ័ង​ឥត​ដំបែ

25. រួច​លើក​យក​មក​ដាក់​នៅ​ចំពោះ​សូល និង​ពួក​បំរើ​ទ្រង់ គេ​ក៏​បរិភោគ​គ្រប់​គ្នា រួច​គេ​ក្រោក​ឡើង​ចេញ​ទៅ ទាំង​យប់​នោះ​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 28