គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 28:15-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ឯ​សាំយូ‌អែល លោក​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ឲ្យ​ទូល‌បង្គំ​រំខាន ដោយ​ហៅ​ឲ្យ​ទូល‌បង្គំ​ឡើង​មក​ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ខ្ញុំ​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ពី​ព្រោះ​ពួក​សាសន៍​ភីលីស្ទីន​គេ​មក​ច្បាំង​នឹង​ខ្ញុំ ហើយ​ព្រះ​ទ្រង់​បាន​ថយ​ចេញ​ពី​ខ្ញុំ​ទៅ ទ្រង់​ឥត​មាន​ព្រះ‌បន្ទូល​ឆ្លើយ​មក​ខ្ញុំ​ទៀត​ឡើយ ទោះ​បើ​ដោយ​ហោរា ឬ​ដោយ​ការ​ពន្យល់​សប្តិ​ក្តី ហេតុ​នោះ​បាន​ជា​ខ្ញុំ​ហៅ​លោក​មក ដើម្បី​លោក​បង្ហាញ​ការ ដែល​ខ្ញុំ​គួរ​ធ្វើ​យ៉ាង​ណា

16. នោះ​សាំយូ‌អែល​ឆ្លើយ​ថា បើ​ព្រះ‌យេហូវ៉ា​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ហើយ​បាន​ត្រឡប់​ជា​ទាស់​ទទឹង​នឹង​ទ្រង់​ផង ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​សួរ​ដល់​ទូល‌បង្គំ​វិញ​ដូច្នេះ

17. ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​ទ្រង់ តាម​សេចក្តី​ទំនាយ ដែល​ទាយ​ដោយ‌សារ​ទូល‌បង្គំ​ហើយ គឺ​បាន​ដក​រាជ្យ​ពី​ព្រះ‌ហស្ត​ទ្រង់​ចេញ​ប្រគល់​ឲ្យ​ដល់​អ្នក​ដទៃ​ម្នាក់ គឺ​ដាវីឌ

18. ពី​ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌លេក តាម​សេចក្តី​ក្រេវ‌ក្រោធ​របស់​ព្រះ​ផង ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​ទ្រង់​យ៉ាង​ដូច្នេះ

19. មួយ​ទៀត ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​សាសន៍​អ៊ីស្រា‌អែល ជា​មួយ​នឹង​ទ្រង់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ ស្អែក​នេះ ទ្រង់ ព្រម​ទាំង​ពួក​បុត្រា​ទ្រង់ នឹង​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ​ហើយ ព្រះ‌យេហូវ៉ា ទ្រង់​នឹង​ប្រគល់​ពួក​ពល‌ទ័ព​របស់​សាសន៍​អ៊ីស្រា‌អែល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​ដែរ។

20. ខណៈ​នោះ ស្រាប់​តែ​សូល​ទ្រង់​ដួល​ស្រប៉ាប​ចុះ​នៅ​ដី មាន​សេចក្តី​ភ័យ​ជា​ខ្លាំង ដោយ​ពាក្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់​នោះ ហើយ​គ្មាន​កំឡាំង​នៅ​សល់​ទៀត​ទេ ពី​ព្រោះ​មិន​បាន​សោយ​ព្រះ‌ស្ងោយ​អស់​ពេញ​១​ថ្ងៃ​១​យប់​នោះ​ហើយ

21. ដូច្នេះ ស្ត្រី​នោះ​ក៏​មក​ឯ​សូល ឃើញ​ថា​ទ្រង់​តក់‌ស្លុត​ជា​ខ្លាំង នោះ​ក៏​ទូល​ថា មើល ខ្ញុំ​ម្ចាស់ ជា​បាវ​ស្រី​របស់​ទ្រង់ បាន​ស្តាប់​តាម​ទ្រង់​ហើយ ក៏​បាន​ប្រថុយ​ជីវិត​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្តី ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ម្ចាស់​ផង

22. ដូច្នេះ សូម​ឲ្យ​ទ្រង់​ស្តាប់​តាម​ពាក្យ​របស់​ខ្ញុំ​ម្ចាស់​ជា​អ្នក​បំរើ​ទ្រង់​ឥឡូវ​ចុះ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់​រៀប​នំបុ័ង​បន្តិច​ថ្វាយ​ទ្រង់​សោយ ដើម្បី​ឲ្យ​មាន​កំឡាំង​ក្នុង​កាល​ដែល​យាង​តាម​ផ្លូវ​ទៅ

23. ទ្រង់​ប្រកែក​ថា ខ្ញុំ​មិន​បរិភោគ​ទេ តែ​ដោយ​ពួក​អ្នក​បំរើ​ទ្រង់ ព្រម​ទាំង​ស្ត្រី​នោះ​ចេះ​តែ​ទទូច​អង្វរ បាន​ជា​ទ្រង់​ក៏​ស្តាប់​តាម រួច​ក្រោក​ពី​ដី​ឡើង​ទៅ​គង់​នៅ​លើ​គ្រែ

សូមអានជំពូកពេញលេញ ១ សាំយូអែល 28