គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 19:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គ្រា​នោះ សូល​ទ្រង់​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ និង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សំឡាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់

2. បាន​ជា​លោក​ប្រាប់​ដល់​ដាវីឌ​ថា សូល​ជា​បិតា​ខ្ញុំ​រក​សំឡាប់​អ្នក ដូច្នេះ ដល់​ព្រឹក​ឡើង សូម​ឲ្យ​អ្នក​ប្រយ័ត្ន​ខ្លួន ត្រូវ​ឲ្យ​ពួន​នៅ​ក្នុង​ទី​សំងាត់​ណា​មួយ​ទៅ

3. នោះ​ខ្ញុំ​នឹង​ចេញ​ទៅ​ឈរ​ជា​មួយ​នឹង​បិតា​ខ្ញុំ​ក្នុង​វាល​ជិត​កន្លែង​ណា​ដែល​អ្នក​ពួន​នោះ រួច​ខ្ញុំ​នឹង​ស្នើ​ការ​ពី​ដំណើរ​អ្នក​ចំពោះ​បិតា​ខ្ញុំ បើ​ខ្ញុំ​ឃើញ​ហេតុ​ជា​យ៉ាង​ណា នោះ​ខ្ញុំ​នឹង​ប្រាប់​ដល់​អ្នក

4. ដូច្នេះ យ៉ូណា‌ថាន​ក៏​ដំណាល​សេចក្តី​យ៉ាង​ល្អ​ពី​ដំណើរ​ដាវីឌ ទូល​ដល់​សូល​ជា​បិតា​ថា សូម​កុំ​ឲ្យ​បិតា​ធ្វើ​បាប​ដល់​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ឡើយ ដ្បិត​គាត់​មិន​បាន​ធ្វើ​ខុស​នឹង​បិតា​ទេ ហើយ​ការ​ដែល​គាត់​ធ្វើ​សោត​នោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​បិតា​ទាំង​អស់​ផង

5. គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្តី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី

6. នោះ​សូល​ទ្រង់​ក៏​ស្តាប់​តាម​ពាក្យ​យ៉ូណា‌ថាន ព្រម​ទាំង​ចេញ​វាចា​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា វា​មិន​ត្រូវ​ស្លាប់​ទេ

7. រួច​មក​យ៉ូណា‌ថាន​ហៅ​ដាវីឌ​មក ប្រាប់​សេចក្តី​ទាំង​នោះ​ដល់​លោក ក៏​នាំ​ដាវីឌ​ទៅ​ឯ​សូល រួច​លោក​នៅ​ចំពោះ​ទ្រង់ ដូច​កាល​ពី​ដើម​វិញ។

8. សម័យ​នោះ កើត​មាន​ចំបាំង​ម្តង​ទៀត ហើយ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ប្រហារ​សំឡាប់​ជីវិត​គេ​យ៉ាង​សំបើម គេ​ក៏​រត់​ពី​មុខ​លោក​ទៅ។

9. រីឯ​កាល​សូល​កំពុង​តែ​គង់​ក្នុង​ដំណាក់ មាន​ទាំង​ដែក​ពួយ​នៅ​ព្រះ‌ហស្ត នោះ​វិញ្ញាណ​អាក្រក់​ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ទ្រង់ ឯ​ដាវីឌ លោក​កំពុង​តែ​លេង​ភ្លេង

សូមអានជំពូកពេញលេញ ១ សាំយូអែល 19