គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 16:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។

14. គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​ដក​ថយ​ចេញ​ពី​សូល​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ចាត់​វិញ្ញាណ​អាក្រក់​១​ឲ្យ​មក​បំភ័យ​ទ្រង់

15. នោះ​ពួក​មហា‌តលិក​របស់​សូល​ទូល​ថា មើល មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះ​មក​បំភ័យ​ទ្រង់​ហើយ

16. ដូច្នេះ សូម​ឲ្យ​ព្រះ‌អម្ចាស់​នៃ​យើង​ខ្ញុំ បង្គាប់​ដល់​យើង​ខ្ញុំ ជា​ពួក​អ្នក​បំរើ​របស់​ទ្រង់ ដែល​នៅ​ចំពោះ​ទ្រង់​នេះ ឲ្យ​រក​មនុស្ស​ម្នាក់​ដែល​ប្រសប់​ចាប់​ស៊ុង​មក ដើម្បី​កាល​ណា​វិញ្ញាណ​អាក្រក់​ពី​ព្រះ បាន​មក​សណ្ឋិត​លើ​ទ្រង់ នោះ​គេ​នឹង​ចាប់​លេង​ឡើង ឲ្យ​ទ្រង់​បាន​ធូរ​ព្រះ‌ទ័យ​ថយ​ទៅ

17. សូល​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​អ្នក​បំរើ​ថា ដូច្នេះ ចូរ​ទៅ​រក​មនុស្ស​ម្នាក់​ដែល​ចេះ​លេង​ពីរោះ​ឲ្យ​យើង ហើយ​នាំ​វា​មក​ចុះ

18. ខណៈ​នោះ មាន​មនុស្ស​កំឡោះ​ម្នាក់ ទូល​ឆ្លើយ​ថា ទូល‌បង្គំ​បាន​ឃើញ​ម្នាក់ ជា​កូន​របស់​អ៊ីសាយ ក្នុង​ពួក​ក្រុង​បេថ្លេ‌ហិម ជា​អ្នក​ប្រសប់​ក្នុង​ការ​លេង​ភ្លេង​ណាស់ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជំនាញ​ក្នុង​ចំបាំង​ក៏​មាន​វោហារ​អធិប្បាយ ព្រម​ទាំង​រូប‌ឆោម​ស្រស់​ល្អ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​គង់​ជា​មួយ​នឹង​អ្នក​នោះ

19. ដូច្នេះ សូល​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ឯ​អ៊ីសាយ​ប្រាប់​ថា សូម​ឲ្យ​ដាវីឌ ជា​កូន​អ្នក ដែល​កំពុង​តែ​ឃ្វាល​ចៀម មក​ឯ​យើង

20. អ៊ីសាយ​ក៏​យក​លា​១​ផ្ទុក​ដោយ​នំបុ័ង ថង់​ស្បែក​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ និង​កូន​ពពែ​១ ផ្ញើ​ទៅ​ជា​មួយ​នឹង​ដាវីឌ​ជា​កូន ថ្វាយ​ដល់​សូល

21. ដាវីឌ​ក៏​មក​ឯ​សូល ហើយ​ឈរ​បំរើ​នៅ​ចំពោះ​ទ្រង់ ក៏​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​ទ្រង់​ណាស់ ហើយ​បាន​ធ្វើ​ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់

សូមអានជំពូកពេញលេញ ១ សាំយូអែល 16