គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 15:6-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទ្រង់​ប្រាប់​ដល់​ពួក​សាសន៍​កែន​ថា ចូរ​អ្នក​រាល់​គ្នា​ថយ​ចុះ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ ក្រែង​ត្រូវ​ស្លាប់​ជា​មួយ​នឹង​គេ​ដែរ ដ្បិត​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក្នុង​កាល​ដែល​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ពួក​សាសន៍​កែន​ក៏​ថយ​ចេញ​ពី​កណ្តាល​ពួក​អាម៉ា‌លេក​ទៅ

7. រួច​សូល​ទ្រង់​វាយ​ពួក​អាម៉ា‌លេក​នោះ ចាប់​តាំង​ពី​ហាវីឡា រហូត​ដល់​ស៊ើរ​ដែល​នៅ​ទល់​មុខ​នឹង​ស្រុក​អេស៊ីព្ទ

8. ក៏​ចាប់​បាន​អ័កាក់ ជា​ស្តេច​សាសន៍​អាម៉ា‌លេក មក​ទាំង​រស់ តែ​កាប់​រំលីង​ពួក​ជន​ដោយ​មុខ​ដាវ

9. ឯ​អ័កាក់​នោះ​សូល និង​ពួក​ទ័ព បាន​ទុក​ឲ្យ​នៅ​វិញ ព្រម​ទាំង​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ និង​សត្វ​ដែល​ធាត់ៗ ហើយ​កូន​ចៀម និង​របស់​ដែល​ល្អ​ទាំង​ប៉ុន្មាន​ផង គេ​មិន​ព្រម​បំផ្លាញ​ឲ្យ​អស់​រលីង​ទេ តែ​ឯ​សត្វ​ណា​ដែល​ស្គម‌ស្គាំង​មាន​ដំឡៃ​តិច នោះ​គេ​បាន​បំផ្លាញ​ចេញ​ទាំង​អស់​វិញ។

10. ខណៈ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាំយូ‌អែល​ថា

11. អញ​ស្តាយ​ណាស់​ដែល​បាន​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច ដ្បិត​បាន​ងាក​បែរ​ចេញ​លែង​តាម​អញ​ហើយ ក៏​មិន​បាន​ធ្វើ​តាម​បង្គាប់​របស់​អញ​សោះ នោះ​សាំយូ‌អែល​ក៏​ក្តៅ​ចិត្ត ហើយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​អស់​ពេញ​១​យប់

12. រួច​ក្រោក​ឡើង​ពី​ព្រលឹម ដើម្បី​នឹង​ទៅ​ជួប​នឹង​សូល​ក្នុង​ព្រឹក​នោះ មាន​គេ​ជំរាប​សាំយូ‌អែល​ថា សូល​ទ្រង់​បាន​យាង​មក​ដល់​កើមែល​ហើយ មើល ទ្រង់​បាន​ដំឡើង​គោល ជា​គ្រឿង​ចំណាំ​ទុក រួច​យាង​វិល​ចុះ​ទៅ​ឯ​គីល‌កាល​វិញ

13. ដូច្នេះ សាំយូ‌អែល​ក៏​ទៅ​ឯ​ទ្រង់ ទ្រង់​ទទួល​ដោយ​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​ពរ​ពី​ព្រះ‌យេហូវ៉ា ខ្ញុំ​បាន​ធ្វើ​សំរេច តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ

14. តែ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា ចុះ​ដូច​ម្តេច​បាន​ជា​ឮ​សូរ‌សព្ទ​ចៀម ហើយ​នឹង​គោ​រោទ៍​នៅ​ត្រចៀក​ទូល‌បង្គំ​ដូច្នេះ

15. សូល​ទ្រង់​ឆ្លើយ​ថា គេ​បាន​នាំ​សត្វ​ទាំង​នោះ​ពី​សាសន៍​អាម៉ា‌លេក​មក ដ្បិត​ពួក​ទ័ព​បាន​ទុក​សត្វ​ដែល​ល្អៗ​ក្នុង​ហ្វូង​ចៀម ហ្វូង​គោ សំរាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក ក្រៅ​អំពី​នោះ​យើង​បាន​បំផ្លាញ​អស់​រលីង​ហើយ

សូមអានជំពូកពេញលេញ ១ សាំយូអែល 15