គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 15:22-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. សាំយូ‌អែល​ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ដង្វាយ​ដុត ហើយ​នឹង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ទ្រង់​ឬ​អី មើល ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់​នៃ​ចៀម​ឈ្មោល​ទៅ​ទៀត

23. ឯ​សេចក្តី​រឹង‌ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្ត‌វិជ្ជា​ដែរ ហើយ​សេចក្តី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ ហើយ​នឹង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ទៀត ដោយ​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល លែង​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ។

24. នោះ​សូល​ទ្រង់​ឆ្លើយ​ទៅ​សាំយូ‌អែល​ថា ខ្ញុំ​មាន​បាប​ហើយ ពី​ព្រោះ​ខ្ញុំ​បាន​រំលង​សេចក្តី​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា និង​ពាក្យ​របស់​លោក​ផង ដោយ​ខ្លាច​ដល់​ពួក​ជន ហើយ​បាន​ស្តាប់​តាម​គេ​វិញ

25. ដូច្នេះ សូម​ឲ្យ​លោក​អត់​ទោស​ខ្ញុំ​ឥឡូវ ហើយ​វិល​មក​ខាង​ខ្ញុំ​វិញ​ទៀត ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ផង

26. តែ​សាំយូ‌អែល​ប្រកែក​ថា ទូល‌បង្គំ​មិន​ព្រម​វិល ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ពី​ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ

27. រួច​កាល​សាំយូ‌អែល​បែរ​ខ្លួន​រៀប​នឹង​ចេញ​ទៅ នោះ​សូល​ចាប់​ជាយ​អាវ​លោក ហើយ​អាវ​ក៏​រហែក

28. ដូច្នេះ សាំយូ‌អែល​ទូល​ទ្រង់​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ផ្តាច់​នគរ​អ៊ីស្រា‌អែល ពី​ទ្រង់​ចេញ​ហើយ ក៏​បាន​ប្រទាន​ឲ្យ​អ្នក​ជិត​ខាង​ដែល​ល្អ​ជាង​ទ្រង់​វិញ

29. ១​ទៀត ព្រះ​ដ៏​ជា​កំឡាំង​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មិន​ចេះ​កុហក ឬ​ប្រែ‌ប្រួល​ឡើយ ដ្បិត​ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​ប្រែ‌ប្រួល​ទេ

30. នោះ​សូល​មាន​ព្រះ‌បន្ទូល​ថា ខ្ញុំ​បាន​ធ្វើ​បាប ប៉ុន្តែ សូម​លើក​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​ខ្ញុំ​នេះ ហើយ​នៅ​មុខ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង សូម​មក​ខាង​ខ្ញុំ​វិញ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក​ដែរ

31. ដូច្នេះ សាំយូ‌អែល​បាន​វិល​មក​ខាង​សូល​វិញ ហើយ​សូល​ទ្រង់​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

32. លំដាប់​នោះ សាំយូ‌អែល​ប្រាប់​ថា ចូរ​នាំ​អ័កាក់ ជា​ស្តេច​នៃ​សាសន៍​អាម៉ា‌លេក​មក​ឯ​នេះ អ័កាក់​ក៏​ដើរ​មក​ឯ​លោក​ងង៉ើល ដោយ​នឹក​ក្នុង​ចិត្ត​ថា ប្រាកដ​ជា​សេចក្តី​ជូរ​ល្វីង​នៃ​សេចក្តី​ស្លាប់​បាន​កន្លង​ហួស​ហើយ

33. តែ​សាំយូ‌អែល​មាន​ប្រសាសន៍​ថា ដាវ​ឯង​បាន​ធ្វើ​ឲ្យ​ពួក​ស្រីៗ​ទៅ​ជា​ឥត​កូន ដូច្នេះ ម្តាយ​ឯង​ក៏​នឹង​ឥត​កូន​យ៉ាង​នោះ​ដែរ រួច​សាំយូ‌អែល​ក៏​កាប់​អ័កាក់​កំទេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​គីល‌កាល​ទៅ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 15