14. តែពួកនោះ គេឈរនៅកណ្តាលស្រែនោះ ហើយបានការពារ ព្រមទាំងសំឡាប់ពួកភីលីស្ទីនបង់ ព្រះយេហូវ៉ាទ្រង់បានជួយសង្គ្រោះគេ ដោយជ័យជំនះយ៉ាងធំ
15. ក៏មាន៣នាក់ក្នុងពួកប្រធានទាំង៣០នាក់នោះ គេបានចុះទៅដាវីឌត្រង់ថ្មដា ក្នុងរអាងអាឌូឡាម នៅគ្រានោះ ពួកភីលីស្ទីនបានបោះទ័ពនៅច្រកភ្នំរេផែម
16. ហើយដាវីឌទ្រង់គង់នៅក្នុងទីមាំមួន ឯពួកភីលីស្ទីន គេមានទ័ព១កងរក្សាស្រុក នៅឯក្រុងបេថ្លេហិម
17. ចំណែកដាវីឌ ទ្រង់នឹកកន្លេងក្នុងព្រះទ័យ ហើយមានព្រះបន្ទូលថា ឱបើសិនជាមានអ្នកណាយកទឹកពីអណ្តូង ដែលនៅមាត់ទ្វារក្រុងបេថ្លេហិមមក ឲ្យអញផឹកទៅអេះ
18. រួចអ្នកទាំង៣នោះក៏បំបែកពួកទ័ពភីលីស្ទីន កាត់ចូលទៅដងទឹកពីអណ្តូងនៅមាត់ទ្វារក្រុងបេថ្លេហិមនោះ នាំយកមកថ្វាយដល់ដាវីឌ តែទ្រង់មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ
19. ដោយព្រះបន្ទូលថា សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេពិត ហេតុនោះបានជាទ្រង់មិនព្រមសោយឡើយ គឺការយ៉ាងនោះឯង ដែលមនុស្សខ្លាំងពូកែទាំង៣នាក់នោះបានធ្វើ